អ្នកវិទ្យាសាស្ត្រជប៉ុន រកឃើញថា មីក្រូប្លាស្ទិកមានវត្តមាននៅក្នុងពពក អាចប៉ះពាល់ដល់បរិស្ថាន

ជប៉ុន៖ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសជប៉ុនបានបញ្ជាក់ថា មីក្រូប្លាស្ទិកមានវត្តមាននៅក្នុងពពក និងថាពពួក មីក្រូប្លាស្ទិកទាំងនោះទំនងជាប៉ះពាល់ដល់អាកាសធាតុតាមរបៀបមួយបែបដែលគេមិនទាន់អាចយល់ច្បាស់នៅឡើយ។

នៅក្នុងការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Environmental Chemistry Letters បានរៀបរាប់ឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមួយក្រុមបានឡើងភ្នំ Fuji និង Mount Oyama ដើម្បីប្រមូលទឹកពីអ័ព្ទដែលគ្របដណ្តប់លើកំពូលភ្នំទាំងនោះ បន្ទាប់មកពួកគេបានបញ្ចូលបច្ចេកទេសរូបភាពកម្រិតខ្ពស់ទៅនឹងគំរូដើម្បីកំណត់លក្ខណៈរូបវន្ត និងគីមីនៃវត្ថុទាំងនោះ។

ជាលទ្ធផលក្រុមអ្នកវិទ្យាសាស្ត្រកំណត់បានប្រភេទប៉ូលីម៊ែរចំនួន ៩ ប្រភេទខុសៗគ្នា និងកៅស៊ូមួយប្រភេទនៅក្នុងមីក្រូប្លាស្ទីកក្នុងខ្យល់ ដែលមានទំហំចាប់ពី ៧,១ ដល់ ៩៤,៦ មីក្រូម៉ែត្រ។ លើសពីនេះ ក្នុងមួយលីត្រនៃទឹកពីអ័ព្ទមាន ៦,៧ ទៅ ១៣,៩ បំណែកនៃប្លាស្ទិក។

អ្វីដែលសំខាន់ជាងនេះទៅទៀត «hydrophilic» ឬពពួកប៉ូលីម៊ែរ មានច្រើនក្រៃលែងដែលនេះបង្ហាញថា ភាគល្អិតទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតពពកយ៉ាងឆាប់រហ័ស និងប្រព័ន្ធអាកាសធាតុ។

អ្នកដឹកនាំផ្នែកនិពន្ធលោក Hiroshi Okochi នៃសាកលវិទ្យាល័យ Waseda បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖ «ប្រសិនបើបញ្ហានៃ ការបំពុលបរិយាកាសដោយប្លាស្ទិក មិនត្រូវបានដោះស្រាយដោយសកម្មទេ ការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃប្រព័ន្ធអេកូឡូស៊ីអាចក្លាយជាការពិត ដែលបណ្តាលឱ្យមានការខូចខាតបរិស្ថានដែលមិនអាចត្រឡប់ក្រោយបាន ហើយវានឹងកាន់ធ្ងន់ធ្ងរខ្លាំងនាពេលអនាគត»។

មីក្រូប្លាស្ទិក ត្រូវបានកំណត់ថាជាភាគល្អិតប្លាស្ទិកក្រោម ៥ មីលីម៉ែត្រ ដែលកើតចេញពីកាកសំណល់ឧស្សាហកម្ម វាយនភ័ណ្ឌ សំបកកង់រថយន្តសំយោគ ផលិតផលថែរក្សាស្បែក និងច្រើនទៀត។

គួររំឭកថា បំណែកមីក្រូប្លាស្ទិកតូចៗទាំងនេះ ធ្លាប់ត្រូវបានគេរកឃើញនៅក្នុងសាច់ត្រី ដែលរស់នៅតំបន់ជ្រៅបំផុតនៃមហាសមុទ្រ លាយឡំជាមួយទឹកកកសមុទ្រអាកទិក និងគ្របដណ្តប់ព្រិលនៅលើភ្នំ Pyrenees រវាងប្រទេសបារាំង និងអេស្ប៉ាញ។

គួរជម្រាបដែរថា មកទល់ពេលនេះបើតាមភស្តុតាងថ្មីៗ សារធាតុមីក្រូប្លាស្ទិកអាចបង្កផលប៉ះពាល់ជាច្រើនលើសុខភាពបេះដូង និងសួត ក៏ដូចជាជំងឺមហារីក និប៉ះពាល់យ៉ាងធំធេងដល់បរិស្ថាន៕ ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner