នាយករដ្ឋមន្រ្តីថៃ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។
នៅរសៀលថ្ងៃទី២៨ កញ្ញា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូបខាងកើតវិមានឯករាជ្យ ។
ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានអញ្ជើញការអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត ។
សូមបញ្ជាក់ជូនថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រថៃជាលើកដំបូងមកកាន់កម្ពុជា ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នាយករដ្ឋមន្ត្រីទាំងពីរក៏មានជំនួបធ្វេរភាគី និងបានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើពិធីប្រគល់ទទួលជានិមិត្តរូបនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
តមក ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងនោះក៏មានការអញ្ជើញអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ថៃ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕
អត្ថបទ៖ ង៉ាន ទិត្យ , រូបភាព៖ រិន រចនា