សមាគមកីឡា ក្រសួងមហាផ្ទៃប្រជែងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិកីឡាសូហ្វតិន្នីស ឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ់អស់រយៈពេល៥ថ្ងៃ នៃការប្រកួតកីឡាសូហ្វតិនីសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ នាល្ងាចថ្ងៃទី២៧ ខែ កញ្ញា បានបញ្ចប់ហើយ ដោយសមាគមនកីឡាដែលប្រជែងដណ្តើមបានមេដាយច្រើនជាងគេដណ្តើមបានចំណាត់ថ្នាក់លេខ១ គឺសមាគមនកីឡាក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២បានទៅលើសមាគមកីឡា អគ្គស្នងការនគរបាលជាតិ ចំណាត់ថ្នាក់លេខ៣បានទៅលើ សមាគមកីឡ ខេត្តកំពង់ស្ពឺ ខណៈលេខ៤ សមាគមកីឡា ខេត្តត្បូងឃ្មុំ និងចំណាត់ថ្នាក់លេខ៥បានទៅលើសមាគមកីឡា ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣លើកទី៧ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសមាគមចូលរួមចំនួន ០៧ ១-សមាគមកីឡា ក្រសួងមហាផ្ទៃ ២- សមាគមកីឡា អគ្គ.នគរបាលជាតិ ៣- សមាគមកីឡា ក្រសួងការពារជាតិ ៤- សមាគមកីឡា ខេត្តកណ្តាល ៥- សមាគមកីឡា ខេត្តកំពង់ឆ្នាំង ៦- សមាគមកីឡា ខេត្តកំពង់ស្ពឺ ៧- សមាគមកីឡា ត្បូងឃ្មុំ ដោយដំណើរការប្រកួតលើ១២វិញ្ញាសា។

ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរៈ បានបញ្ជាក់ទៀតថា ការប្រកួតដែលសហព័ន្ធរៀបចំឡើងនាពេលនេះគឺទទួលកញ្ចប់ថវិការប្រចាំឆ្នាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីឲ្យសហព័ន្ធកីឡាជាតិមានការ រីកចម្រើនតាមរយៈការជ្រើសរើសបាននូវធនធានល្អៗដើម្បីធ្វើការប្រកួតលើឆាកអន្តរជាតិ។ជាពិសេស ដើម្បីសម្រួចគោលដៅសំខាន់ៗ៣ចំណុចគឺ ពង្រឹងសមត្ថភាព កីឡាករ កីឡាការិនី ឆ្ពោះទៅការប្រកួត កីឡាអាស៊ីនៅប្រទេសចិន ។ ចំណុចទី២ គឺដើម្បីពង្រឹង សមត្ថភាពអត្តពលិក និងផលិតធនធានថ្នាលជាយុវជនបន្តវេន ។ ចំណុចចុងក្រោយ គឺផ្តល់ឱកាសដល់យុវជន ក្មេងៗ ចូលរួមប្រកួតប្រជែង ក្នុងទិសដៅត្រៀម ព្រឹត្តិការណ៍ កីឡាយុវជន ទ្វិបអាស៊ី នៅឆ្នាំ២០២៩ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ជាការពិតណាស់ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេសដែលបានហ្វឹកហាត់កន្លងមកប្រកួតប្រជែងគ្នា ជាពិសេសនៅឆ្នាំនេះ ដោយទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំក្នុងការរៀបចំបញ្ជូលនូវវិញ្ញាសាប្រកួតកម្រិតយុវជន យុវនារីបន្ថែមទៀត ដើម្បី ដកស្រង់បច្ចេកទេសពីការបណ្តុះបណ្តាល និងជម្រុញធនធានយុវជនថ្នាលឲ្យបានច្រើន ត្រៀមការប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាល និងត្រៀមការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កីឡាករ កីឡាការិនី ដែលបានយកអស់កំលាំងកាយចិត្តប្រកួតប្រជែង រហូតទទួលបានជោគជ័យ ។ ជាពិសេសថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានសហការជាមួយ សហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា ក្នុងការរៀបចំប្រកួតនេះ ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្ត ឲ្យអ្នកឈ្នះជ័យលាភីបន្តខិតខំប្រឹងប្រែងហ្វឹកហាត់និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមដណ្តើមមេដាយថ្នាក់ជាតិ និងអន្តរជាតិមកជូនអង្គភាព។

រីឯអ្នកដែលពុំទទួលបានជ័យលាភីក៏កុំបោះបង់ចោលគោលដៅប្រជែងមេដាយ ព្រោះកីឡាតែមានអ្នកចាញ់និងអ្នកឈ្នះ។ដូច្នោះចាញ់ពេលនេះ ខិតខំហ្វឹកហាត់ខ្លាំងឡើងបន្ថែមទៀត នឹងប្រជែងដណ្តើមបានមេដាយជាក់ជាមិនខាននៅពេលខាងមុខ៕

រូបភាព ងីម ឆៃហួត អត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner