កូរ៉េខាងជើង រាប់បញ្ជូលអំណាចនុយក្លេអ៊ែរទៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ទី ២៨ ខែកញ្ញានេះថា ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសបានកំណត់ឋានៈរបស់កូរ៉េខាងជើងថា ជាប្រទេសនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

KCNA ផ្សាយថា លោកមេដឹកនាំ គីម ជុងអ៊ុន បាននិយាយក្នុងកិច្ចប្រជុំនៃសភាប្រជាជនរដ្ឋ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធថា៖ «គោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងជាអចិន្ត្រៃយ៍ ស្របតាមច្បាប់មូលដ្ឋានរបស់រដ្ឋ ដែលគ្មាននរណាម្នាក់អាចប្រឆាំងអ្វីទាំងអស់» ។

ការដាក់បញ្ជូលងាររដ្ឋនុយក្លេអ៊ែរក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស ធ្វើឱ្យក្តីសង្ឃឹមរបស់ប្រទេសនានាដែលចង់ឱ្យកូរ៉េខាងជើងធ្វើការរំសាយអាវុធនុយក្លេអ៊ែរ កាន់តែមានភាពស្រអាប់ទៅៗ។

បើតាម KCNA ដដែល លោក គីម បាននិយាយថា ការដាក់បញ្ជូលនេះ «ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលផ្តល់នូវកម្លាំងនយោបាយដ៏មានឥទ្ធិពលសម្រាប់ការពង្រឹងសមត្ថភាពការពារជាតិគួរឱ្យកត់សម្គាល់»។

លោកគីម បាននិយាយផងដែរថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្កើតសម្ព័ន្ធភាពយោធាត្រីកោណ ហើយទីបំផុត បានបណ្តាលឱ្យមានការលេចចេញនូវ «អង្គការណាតូនៅអាស៊ី» ដែលជាមូលហេតុនៃសង្រ្គាម និងការឈ្លានពាន។

គេសម្គាល់ឃើញថា ការបញ្ជូនឋានៈជាប្រទេសនុយក្លេអ៊ែរនាពេលនេះ ធ្វើឡើងខណៈកូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធជាច្រើនដងក្នុងឆ្នាំនេះ ហើយទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកក៏មានភាពតានតឹងខ្លាំង និងចំពេលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីក្រោយខកខានតាំងពីឆ្នាំ ២០១៧។ កូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរ ៦ លើករួចមកហើយ ចាប់តាំងពីឆ្នាំ ២០០៦ មក។

កាលពី១ឆ្នាំមុន សភាកូរ៉េខាងជើងបានអនុម័តច្បាប់មួយ ដែលប្រកាសកូរ៉េខាងជើងថាជារដ្ឋអាវុធនុយក្លេអ៊ែរ ហើយលោក គីម បាននិយាយថា ងារនេះបង្ហាញថាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសដើរទៅមុខ ដោយមិនបកក្រោយនោះទេ។ ច្បាប់ថ្មីនោះ ក៏បានអនុញ្ញាតឱ្យមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរទុកជាមុនដែរ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា

ads banner