កម្មកររោងចក្រមីយ៉ាន់ម៉ាកាន់តែពិបាករកចំណូល បើទោះបីជាការបញ្ជាទិញផលិតផលសម្លៀក បំពាក់មានការកើនឡើង
ណៃពិដោ៖ បើទោះបីជាប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងស្ថានភាពនយោបាយមិនស្ថិតស្ថេរក៏ដោយ ប៉ុន្តែខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រកាត់ដេរនៅទីក្រុង យ៉ាងហ្គូន មួយចំនួនកំពុងតែកើនឡើងជាលំដាប់។
ទន្ទឹមនឹងការកើនឡើងការបញ្ជាទិញសម្លៀកបំពាក់ ផ្ទុយទៅវិញ កម្មកររោងចក្រកាត់ដេរ នៅតែទទួលបានប្រាក់កម្រៃទាប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straitstimes។
ដោយសារតម្រូវការនៃទីផ្សារបែបនេះ អ្នកស្រី Myat ដែលជាកម្មករធ្វើការក្នុងរោងចក្រកាត់ដេរមួយកន្លែងបានត្អូញត្អែរថា ខ្លួនធ្វើការចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង ៦ល្ងាច ក្នុងរយៈពេល ៦ថ្ងៃក្នុងមួយសប្ដាហ៍។
អ្នកស្រីបានបន្តថា ខ្លួនទទួលបានប្រាក់បន្ថែមម៉ោង ត្រឹមតែ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលថ្លៃឈ្នួលសម្រាប់ការងារលើសម៉ោងផ្សេងទៀតគឺអាស្រ័យលើកម្រៃជើងសារសម្រាប់សម្លៀកបំពាកនិមួយៗដែលបានបញ្ចប់រួចរាល់។
ស្ត្រីម្នាក់ទៀត (សុំមិនបញ្ចេញឈ្មោះ) ដែលធ្វើការក្នុងរោងចក្រកាត់ដេរដែរនោះ ក៏បានត្អូញត្អែរផងដែរថា៖ «ពួកគេដាក់ចំនួនសម្លៀកបំពាក់ឱ្យយើងសម្រេចបានក្នុងមួយថ្ងៃៗ ប៉ុន្តែសូម្បីតែយើងសម្រេចបានតាមការទាមទាររបស់គេហើយ ក៏គេនៅតែសុំឱ្យយើងធ្វើការបន្ថែមទៀតដែរ»។
អ្នកស្រីបន្តថា៖ «អ្នកគ្រប់គ្រងរបស់យើងបានប្រាប់ពួកយើងថា រោងចក្រមិនមានលទ្ធភាពឱ្យប្រាក់ ឈ្នួលសម្រាប់ថែមម៉ោងនោះទេ ប៉ុន្តែកម្មករត្រូវតែបន្តធ្វើការព្រោះមានការកម្មង់ទិញច្រើន»។
បូកផ្សុំទៅនឹងបញ្ហាអស្ថេរភាពនយោបាយរុំារៃ ដែលរាប់ចាប់តាំងពីឆ្នាំ ២០២១មកផង សេដ្ឋកិច្ចមីយ៉ាន់ម៉ាបានជួបប្រទះបញ្ហាអតិផរណា ដែលរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះជាគំហុក។ ប្រាក់ខែ កម្មកររោងចក្រ ដែលពីមុនបានជាមធ្យម ២៨០,០០០ kyat (ប្រមាណជា ១៨០ដុល្លារសិង្ហបុរី) ពេលនេះបានថយចុះកាន់តែខ្លាំងថែមទៀត។
ស្ត្រីជាកម្មកររោងចក្រដដែលបានឱ្យដឹងទៀតថា មុនរដ្ឋប្រហារ រកចំណូលបានត្រឹមតែ ២៤០,០០០ kyat ក៏អ្នកស្រីនៅអាចសន្សំបានដែរ ប៉ុន្តែឥឡូវនេះអ្នកស្រីមិនអាចសូម្បីតែផ្គត់ផ្គង់ការ រស់នៅប្រចាំថ្ងៃរបស់ខ្លួនផង។
ប៉ុន្តែយ៉ាងណា អ្នកស្រីក៏ត្រូវតែបន្តធ្វើការងារក្នុងរោងចក្រដោយគ្មានជម្រើស ព្រោះក្រៅពីការងារនេះ ក៏មិនមានការងារផ្សេងធ្វើច្រើនដែរ ហើយដែលមូលហេតុនោះគឺក្រុមហ៊ុនអន្តរជាតិ និងអង្គការនានា បានដកទីតាំងរបស់ខ្លួនចេញជាបន្តបន្ទាប់ ក្រោយពីវិបត្តិនយោបាយនៅខែកុម្ភៈ ឆ្នាំ២០២១។
ការណ៍នេះបានរុញឱ្យធនាគារពិភពលោកប៉ាន់ស្មានថា សេដ្ឋកិច្ចមីយ៉ាន់ម៉ាមានកំណើនត្រឹមតែ៣%ប៉ុណ្ណោះ គិតត្រឹមចុងខែកញ្ញានេះ។
គួរបញ្ជាក់ថា វិស័យកាត់ដេររបស់ប្រទេសមីយ៉ាន់ម៉ាបានផ្ដល់ការងារដល់កម្មករប្រហែល ៧០០,០០០ នាក់នៅមុនពេលជំងឺរាតត្បាតកូវីដ។ យោងតាមធនាគារពិភពលោក ការនាំចេញផលិតផលរបស់ប្រទេសមីយ៉ាន់ម៉ា ដែលរាប់បញ្ចូលទាំងសម្លៀកបំពាក់ដែរនោះ បានធ្លាក់ចុះ ១១% ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣៕ ប្រែសម្រួល៖ កែវ បុស្បា