សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ គឺសរុប ២០៤ដុល្លារ ក្នុង១ខែ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែរនាំឱ្យ ក្រសួងការងារ ផ្សព្វផ្សាយដល់បងប្អូនកម្មករ និយោជិត និងសាធារណជនឱ្យបានជ្រាបថា ប្រាក់ឈ្នួល អប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ បន្ទាប់ពីសម្ដេច បានសម្រេច បន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ ក្រុមប្រឹក្សា ជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ។ ជាមួយនេះ សម្ដេច នឹងបន្តជំរុញដល់ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យ លទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់ បងប្អូនកម្មករនិយោជិត។ នេះបើតាមបណ្ដាញ សង្គមរបស់ សម្ដេចនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោត របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។
យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។
សម្ដេចបន្តថា៖ ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី សូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជីជិវៈ ធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្ដេច សូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត ។ ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអរគុណ និងសូមកោតសរសើរ ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ៕
ដោយ វណ្ណលុក