រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្ត បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺគ្រុនឈាម
ភ្នំពេញ៖ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានដាក់ចេញវិធានការកន្លងមកដែរ។
យោងតាមលិខិតដែលបានចុះហត្ថលេខាដោយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣បានរំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារឆ្លើយតបបន្ទាន់ នៃក្រសួងសុខាភិបាល សហការជាមួយមន្ដ្រីសុខាភិបាលគ្រប់លំដាប់នៅតាមមូលដ្ឋានរាជធានី-ខេត្ដ បានចាត់វិធានការទប់ស្កាត់ និងឆ្លើយតបយ៉ាងសកម្មចំពោះការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ ក្នុងនាមក្រសួងសុខាភិបាល លោកសូមសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំរាជធានី-ខេត្ដ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ដ្រីបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតសិ្នទ និងចូលរួមយ៉ាងសកម្មបំផុត ក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលានូវការរីករាលដាលនៃជំងឺគ្រុនឈាម។
ទន្ទឹមនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដពង្រឹងការអនុវត្ដវិធានការសុខាភិបាលនានា។សូមចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានា តាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត គឺលោកពិតជាអបអរសាទរដែលថ្នាក់ដឹកនាំក្រសួងបានចេញលិខិតសរសើរបែបនេះ ខណៈដែលកន្លងមករាល់វិធានការនានារបស់ក្រសួង គឺអាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលទាំងអស់ បានអនុវត្តជាប្រចាំ និងដោយយកចិត្តទុកដាក់ណាស់។
លោកថ្លែងថា៖«តាមរយៈលិខិតនេះធ្វើឱ្យពួកយើងមានទឹកចិត្តកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋ ដោយសារការខិតខំរបស់យើងកន្លងមកមិនទុកថាជាការអសារបង់នោះទេ ដោយថ្នាក់ដឹកនាំក្រសួងក៏បានដឹង ហើយប្រជាពលរដ្ឋក៏គាត់ទទួលផលពីហ្នឹងដែរ»។
លោកបន្ថែមថា ចំពោះការងារទប់ស្កាត់ជំងឺគ្រុនឈាមនេះ គឺមន្ត្រីសុខាភិបាលតែងតែអនុវត្តវិធានការរបស់ក្រសួងជាមុន ដើម្បីការពារប្រជាពលរដ្ឋ ខណៈដែលជំងឺនេះមិនទាន់ផ្ទុះឡើងក្នុងខេចត្តនេះទេ។ លោកថា៖«មានន័យថា មិនមែនជំងឺនេះផ្ទុះហើយ ទើបមន្ត្រីសុខាភិបាលចុះមកអន្តរាគមន៍ព្យាបាល និងអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋនោះទេ គឺយើងធ្វើតាំងពីមុនមានបញ្ហាកើតឡើង»។
ដោយឡែក លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក៏បានឱ្យដឹងដែរថា ក្រុមការងារបានពង្រីងការផ្សព្វផ្សាយអប់រំទៅដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់ ឱ្យចេះអនាម័យ សម្អាតបរិស្ថានជុំវិញលំនៅឋានរបស់ខ្លួន និងចុះដាក់ថ្នាក់អាប៊ែតជាប្រចាំនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ។ ក្រៅពីនេះ លោកក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យទាំងអស់នៅក្នុងខេត្ត ត្រូវពង្រឹងសមត្ថភាពការងារធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការព្យាបាលដោយមានប្រសិទ្ធជូនប្រជាពលរដ្ឋ។
លោកថ្លែងថា៖«ក្នុងនាមជាប្រធានមន្ទីរសុខាភិបាល យើងតែងតែពង្រឹងលើការងារចូលរួមផ្សព្វផ្សាយអប់រំនៅក្នុងសហគមន៍ ក៏ដូចជាការពង្រឹងសមត្ថភាពក្នុងការព្យាបាលនៅតាមន្ទីរពេទ្យ និងមណ្ឌលសុខភាពផងដែរ»។ ជាមួយគ្នានេះដែរ លោកក៏សំណូមពរឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីសុខាភិបាល ដើម្បីឱ្យការងារទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម និងជំងឺឆ្លងផ្សេងៗទៀត កាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា ក្នុងរយៈពេលជាងប្រាំបីខែ ឬរយៈពេល ៣៥ សប្តាហ៍ ឆ្នាំ ២០២៣ នេះ កម្ពុជាមានអ្នកកើតជំងឺគ្រុនឈាមជិតពីរម៉ឺននាក់ក្នុងនោះមានអ្នកស្លាប់ជាង ៣៤ នាក់ ដែលចំនួននេះកើនឡើង ២ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។ នេះបើតាម លោកលាង ឫទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល៕ ដោយ៖ ជា សុខនី