វៀតណាម កាត់ទោសសកម្មជនបរិស្ថានម្នាក់ឱ្យជាប់គុករយៈពេល បី ឆ្នាំ ពីបទបន្លំពន្ធ

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា តុលាការវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានកាត់ទោសសកម្មជនបរិស្ថានម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទក្លែងបន្លំពន្ធ។

សកម្មជនបរិស្ថានរូបនោះគឺលោកស្រី Hoang Thi Minh Hong ប្រធានក្រុមតស៊ូមតិបរិស្ថាន ដែលលោកស្រីបានចាប់ផ្តើមនៅឆ្នាំ ២០១៣ ហើយដំណើរការរហូតដល់ឆ្នាំ ២០២២ រងការកាត់ទោសពីបទគេចពន្ធនៅក្នុងការកាត់ក្តីរយៈពេល១ថ្ងៃនៅទីក្រុងហូជីមិញ។ នេះបើយោងតាមកាសែត Thanh Nien របស់វៀតណាម ។

កាសែតបានដកស្រង់ការចោទប្រកាន់ថា លោកស្រី Hong រងការចោទប្រកាន់ពីបទគេចពីការបង់ពន្ធដែលមានតម្លៃ ៦,៧ ប៊ីលានដុង (២៧៤ ៤៨៨ ដុល្លារ) ក្នុងអំឡុងឆ្នាំ ២០១២-២០២២។

ការកាត់ទោសលោកស្រីបែបនេះ បានកើតឡើងតែ២សប្តាហ៍ប៉ុណ្ណេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលលោក និងមេដឹកនាំវៀតណាមបានមានគំនិតផ្តួចផ្តើមរួមគ្នាជាច្រើន រួមទាំងការការពារសិទ្ធិមនុស្សផងដែរ។

ជុំវិញបញ្ហានេះ លោក Ben Swanton សហនាយកនៃអង្គការសប្បុរសធម៌ The 88 Project បាននិយាយថា៖ «ការផ្តន្ទាទោសនេះ គឺជាការក្លែងបន្លំទាំងស្រុង គ្មាននរណាម្នាក់គួរត្រូវបានបោកបញ្ឆោតឱ្យជឿឡើយ»។ លោកបានបន្ថែមថា៖ «នេះគឺជាឧទាហរណ៍មួយផ្សេងទៀតនៃច្បាប់ធ្វើអាវុធ ដើម្បីធ្វើទុក្ខបុកម្នេញសកម្មជនអាកាសធាតុ ដែលកំពុងប្រយុទ្ធដើម្បីសង្គ្រោះភពផែនដី»។

យ៉ាងណាមិញ មេធាវីរបស់លោក ហុង មិនទាន់ចេញការប្រតិកម្មយ៉ាងណានោះទេ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner