រដ្ឋមន្ត្រីព័ត៍មាន៖ ការងារអ្នកនាំពាក្យ យកទ្រឹស្តីក្នុងការងារការទូត ត្រូវយល់ថា អ្នកកាសែត មិនមែនជាសត្រូវរបស់អ្នកនាំពាក្យនោះទេ
ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការពន្យល់ពីការងារអ្នកនាំពាក្យ គឺត្រូវយកទ្រឹស្តីក្នុងការងារការទូត អត់មានមិត្ត ក៏អត់មានសត្រូវដែរ គឺមានតែមិត្តផលប្រយោជន៍ ហើយត្រូវយល់ថា អ្នកកាសែត មិនមែនជាសត្រូវរបស់អ្នកនាំពាក្យនោះទេ ។ អ្នកនាំពាក្យមានសិទ្ធិដឹងគ្រប់រឿង ប៉ុន្តែមិនអាចនិយាយគ្រប់រឿងដែលខ្លួនបានដឹងនោះទេ ។
ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២ឥ២៣ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីរៀបចំការងារអ្នកនាំពាក្យ និងការងារពាក់ពន្ធ័ នឹងអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន រួមទាំងដាក់ចេញវិធានការរួមសហការគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ។
តាមរយៈសេចក្តីសម្រេចត្រូវបានបង្កើតក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលមានសមាសភាពរួមមាន ឯកឧត្តម ទេព អស្លារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ អ្នកនាំពាក្យរងទី១, ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អ្នកនាំពាក្យរងទី២ , លោកស្រី ឆន ណាវី អគ្គនាយិការង អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ជាលេខាធិការ ។
ក្រុមអ្នកនាំពាក្យនេះ មានភារកិច្ច – ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងព័ត៌មាន៖
– ទំនាក់ទំនង និងឆ្លើយឆ្លងព័ត៌មានផ្លូវការជាមួយ សាធារណជន អ្នកសារព័ត៌មានជាតិអន្តរជាតិ
– សហការជាមួយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ដើម្បី
ការពារសមិទ្ធផល ស្នាដៃ និងកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា
– សហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះឱ្យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត មន្ត្រីទទួលបន្ទុកព័ត៌មាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ ដើម្បីគ្រប់គ្រង និងផ្តល់ព័ត៌មានជូនសាធារណជនទាក់ទងនឹងវិស័យព័ត៌មាន
– រៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
– រៀបចំសេចក្តីប្រកាសព័ត៌មានក្រោយកិច្ចប្រជុំ ឬព្រឹត្តិការណ៏ផ្សេងៗ របស់ក្រសួងព័ត៌មាន តាម
ការចាំបាច់
– អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ ៕
ដោយ ង៉ាន់ ទិត្យ រូបភាព រិន រចនា



