មនុស្សរាប់រយនាក់ ដើរដង្ហែរក្បួនតវ៉ា ក្នុងទីក្រុងប៉ារីស នៅថ្ងៃទិវាសិទ្ធិរំលូតកូនអន្តរជាតិ
ប៉ារីស៖ មនុស្សរាប់រយនាក់បានដើរដង្ហែរនៅតាមដងផ្លូវ ដើម្បីប្រារព្ធទិវាសិទ្ធិរំលូតកូនអន្តរជាតិ ពោលគឺច្រើនជាង ៦ខែបន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានសន្យាថា នឹងធានានូវសេរីភាព ក្នុងការរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញ ខណៈពេលដែលវិធានការនេះត្រូវបានផ្អាក។
អ្នកនាង Clara Dereudre ធ្វើការនៅសមាគមស្ត្រីនិយមបាននិយាយថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថា គាត់នឹងរៀបចំដាក់បញ្ចូលសិទ្ធិរំលូតកូនទៅក្នុងកំណែទម្រង់រដ្ឋធម្មនុញ្ញ ប៉ុន្តែវាមានរយៈពេលជាច្រើនខែហើយ ហើយយើងនៅតែរង់ចាំឱ្យវាកើតឡើង។ យើងនឹងបន្តនិយាយថា វាត្រូវតែមានលក្ខណៈជាស្ថាប័ន… ការរំលូតកូនមានសារៈសំខាន់ណាស់ សម្រាប់សិទ្ធិជាមូលដ្ឋានរបស់ស្ត្រី និងអ្នកស្រលាញ់ភេទដូចគ្នា។
ចំណែកអ្នកនាង Marie Lussier ធ្វើការនៅផ្នែកវេជ្ជបណ្ឌិតគ្មានព្រំដែន បានគូសបញ្ជាក់ថា សិទ្ធិរំលូតកូនវាជារឿងសំខាន់ ព្រោះវាជាការថែទាំសុខភាពសំខាន់ណាស់ ដែលជារឿយៗត្រូវបានបដិសេធ ហើយស្ត្រីបានធ្វើវាដោយលាក់កំបាំង នាំឱ្យខ្លួនឯងប្រឈមមុខនឹងហានិភ័យ។ បើតាមអ្នកនាង Lussier ជារៀងរាល់ឆ្នាំ មានស្ត្រី ៧០០,០០០នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយសារការរំលូតកូនដោយលួចលាក់ ដូច្នេះហើយការរំលូតកូនមិនមានសុវត្ថិភាពទេ ដូច្នេះហើយមានស្ត្រី ៣៩,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដោយសារតែបញ្ហានេះ ប៉ុន្តែការស្លាប់គឺជារឿងដែលអាចជៀសបាន ប្រសិនបើមានច្បាប់ត្រឹមត្រូវ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា