ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី សន្យាជួយឲ្យអត្តពលិកទូករបស់កម្ពុជាខ្លាំងក្នុងតំបន់អាស៊ាននៅពេលខាងមុខ

ភ្នំពេញ៖ នាថ្ងៃទី២៨ ខែ កញ្ញា លោក កេន លី ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ីបានដឹកនាំប្រតិភូសហព័ន្ធកីឡាទូករ៉ូអ៊ីអាស៊ី មកទស្សនៈកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ ដើម្បីពិនិត្យមើលអត្តពលិកកីឡាទូកដែលកំពុងហ្វឹកហាត់ និងបង្កើនកិច្ចសហការជាមួយសហព័ន្ធកីឡាទូកានូនិងរ៉ូអុីងរបស់កម្ពុជា ។ ក្នុងដំណើរទស្សនៈរយៈពេល២ថ្ងៃនៅកម្ពុជា លោក កេន លី ទីប្រឹក្សាសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី និងប្រតិភូ ត្រូវបានអនុញាតិចូលជួបសំដែងការគួសមជាមួយ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ អនុប្រធានសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងជាអគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក។

នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តម នាវី ទៀ វិញ បានលើកឡើងថា កន្លងមក សហព័ន្ធទាំងពីរ គឺមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ដោយបានបង្កើតកិច្ចសហការគ្នា លើការបញ្ជូនមន្រ្តីជំនាញមកបើកវគ្គបណ្តុះបណ្តាលជូនមន្រ្តីសហព័ន្ធទូកកានូនិងរ៉ូអុីងកម្ពុជា និងការអញ្ជើញមន្រ្តីទៅទទួលយកការបណ្តុះបណ្តាលកម្រិតអន្តរជាតិនៅតាមបណ្តាលប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរ។ជាមួយគ្នានោះ សហព័ន្ធទូករ៉ូអុីងអាស៊ីក៏បានផ្តល់នូវសម្ភាៈបច្ចេកទេសមួយចំនួនដូចជាទូករ៉ូអុីងជាដើម ដល់សហព័ន្ធយើងថែមទៀតផង។

ឯកឧត្តម អនុប្រធានសហព័ន្ធ បានក៏ស្នើសុំឲ្យសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ីជួយដល់សហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា ជាពិសេស តាមរយៈការនាំយកកីឡាករកីឡាការិនីទូករ៉ូអុីងទៅហ្វឹកហាត់នៅអន្តរជាតិរយៈពេលខ្លីឬក៏វែង ដើម្បីបង្កើនអភិវឌ្ឍសមត្ថភាព និងជួយជាសម្ភារៈបច្ចេកទេសសម្រាប់បំរើរដល់ការហ្វឹកហាត់ដូចជាទូករ៉ូអុីងដល់កម្ពុជា និង ស្មើសុំបញ្ជូនគ្រូជំនាញទូករ៉ូអុីងមកជួយបង្វឹកដល់កីឡាករកីឡាការិនីកម្ពុជាចាប់ពីឆ្នាំ២០២៤ទៅ។

ជាការឆ្លើយតប លោក កេន លី ទីប្រឹក្សាសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី បានសន្យាថា សហព័ន្ធកីឡាទូករ៉ូអុីងអាស៊ីនិងខិតខំជួយកម្ពុជាជាជំហ៊ានៗក្នុងការរុញច្រានប្រែក្លាយឲ្យកីឡាករកីឡាការិនីផ្នែកទូករ៉ូអុីងរបស់កម្ពុជាក្លាយជាអ្នកខ្លាំងក្នុងតំបន់អាស៊ាននៅពេលខាងមុខ តាមរយៈការជួយជាសម្ភារៈហ្វឹកហាត់ និងផ្តល់ជាគ្រូមកជួយបណ្តុះបណ្តាលពង្រឹងអភិវឌ្ឍសមត្ថភាព។

ឯកឧត្តម ឧត្តម នាវាទោ ចាយ សុជឿន អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រតិភូសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ីមកកាន់ប្រទេសកម្ពុជារយៈពេល២ថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យមើលការអភិវឌ្ឍន៍របស់កម្ពុជាលើប្រភេទទូករ៉ូអុីង កានូកាយ៉ាក និងទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់ ។ ឧត្តម នាវាទោ ចាយ សុីជឿន បានគូសបញ្ជាក់ថា តាមរយៈទស្សនៈកិច្ចនេះ ប្រតិភូសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ី បានបង្ហាញនៅការសប្បាយរីករាយចំពោះការរីកចំរើនរបស់កម្ពុជាលើប្រភេទកីឡាទូក ហើយពួកគាត់សន្យាថា នឹងផ្តល់សម្ភារៈជូនកម្ពុជាលើគម្រោងអភិវឌ្ឍថែមទៀតផង។

នេះជាលើកទី១ហើយរបស់លោក កេន លី ទីប្រឹក្សាប្រធានសហព័ន្ធកីឡាទូករ៉ូអុីងអាស៊ីដឹកនាំប្រតិភូមកទស្សនៈកិច្ចនៅកម្ពុជា តាមរយៈទស្សនៈនេះដែរ លោក ក៏ស្ងើចសសើរយ៉ាងខ្លាំងចំពោះសហព័ន្ធកីឡាទូកកានូនិងរ៉ូអុីងកម្ពុជាដែលធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ទទួលបានមេដាយមាស ប្រាក់និង សំរិទ្ធជាច្រើនគ្រឿង ។

លោក កេន លី ក៏បានសន្យានឹងជួយជំរុញប្រែក្លាយឲ្យអត្តពលិកកីឡាទូករ៉ូអុីងកម្ពុជានៅពេលខាងមុខជាអ្នកខ្លាំងក្នុងតំបន់អាស៊ាន។ជាមួយគ្នានេះ លោក ក៏បន្តជួយកម្ពុជាជាជំហ៊ានៗលើគម្រោងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទូកកានូ និងទូករ៉ូអុីងផងដែរ៕

រូបភាព ងីម ឆៃហួត ,អត្ថបទ ជាវ ចន្ធូ

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner