យូអិន៖ ជនចំណាកស្រុកជាង ២,៥០០នាក់ស្លាប់ ឬបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ

អ.ស.ប៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅថ្ងៃទី២៨ ខែកញ្ញា បាននិយាយថា គិតមកទល់ឆ្នាំ២០២៣នេះ ជនចំណាកស្រុកជាង ២,៥០០នាក់បានស្លាប់ ឬកំពុងបាត់ខ្លួន អំឡុងពេលព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅកាន់ទ្វីបអឺរ៉ុប។

លោកស្រី Ruven Menikdiwela ដែលជានាយកការិយាល័យជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅទីក្រុងញូវយ៉ក បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា មនុស្សជាង ២,៥០០នាក់ត្រូវបានគេចាត់ទុកថា បានស្លាប់ ឬកំពុងបាត់ខ្លួនគិតត្រឹមក្នុងឆ្នាំ២០២៣នេះប៉ុណ្ណោះ។

តួលេខនេះបានកត់សម្គាល់ពីការកើនឡើងយ៉ាងខ្លាំងនៃជនចំណាកស្រុក បើធៀបនឹងចំនួនស្លាប់ ឬបាត់ខ្លួន ១,៦៨០នាក់ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ សរុបមក មនុស្សប្រហែល ១៨៦,០០០នាក់បានមកដល់តាមផ្លូវសមុទ្រនៅអឺរ៉ុបភាគខាងត្បូង គិតចាប់ពីខែមករា ដល់ថ្ងៃទី២៤ ខែកញ្ញា ដោយពួកគេបានចូលចតនៅប្រទេសអ៊ីតាលី ក្រិក អេស្ប៉ាញ ស៊ីប និងម៉ាល់តា។

សម្រាប់ចំណុចចេញដំណើរ គឺនៅចន្លោះខែមករា ដល់ខែសីហាឆ្នាំនេះ ដោយគេប៉ាន់ប្រមាណថា មានជនភៀសខ្លួន និងជនចំណាកស្រុកជាង ១០២,០០០នាក់បានព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ពីប្រទេសទុយនីស៊ី និង ៤៥,០០០នាក់ ពីប្រទេសលីប៊ី។ លោកស្រី Menikdiwela បានអះអាងទៀតថា ជនចំណាកស្រុក និងជនភៀសខ្លួនទាំងនោះ បានប្រថុយនឹងការស្លាប់ ឬការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅគ្រប់ជំហាន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner