កម្ពុជា និងថៃ នឹងពង្រីកបន្ថែមទៀតនូវភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេស ទាំងពីរ ក្រោមស្មារតី “ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព”។

ឯកឧត្ដម សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការជ្រើសយកកម្ពុជា ជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅបរទេសរបស់ឯកឧត្តម បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មី តាមរយៈការជួបប្រាស្រ័យទាក់ទងកម្រិតខ្ពស់និង ទៀងទាត់រវាងថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន។ ភាគីទាំងពីរបានលើកទឹកចិត្ត អាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅតាមតំបន់ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ភាគីទាំងពីរបានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការ ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយ បញ្ហាសេសសល់ ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសទីបី។ នាយករដ្ឋមន្ត្រីទាំងពីរបាន ឯកភាពប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និង រិះរកនូវកាលានុវត្តភាពប្រកបដោយសក្ដានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនកម្ពុជា សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។

ដោយប្រជាជនភាគច្រើននៃប្រទេសទាំងពីរជាកសិករ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ ធ្ងន់លើការផ្លាស់ប្ដូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត។ ចំពោះបញ្ហា ពាក់ព័ន្ធនឹងពោត ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានស្នើថា ប្រធានបទអំពីពោតនេះគួរ ផ្ដោតលើទិដ្ឋភាពទាំងអស់ ពោលគឺមិនគិតត្រឹមតែការប្រមូលផលទេ។ សម្ដេចធិបតី បានស្នើភាគី ថៃឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា។

ភាគីទាំងពីរបានភ្ជាប់សារៈសំខាន់ចំពោះវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងក្នុងការ គាំទ្រការស្ដារសង្គម-សេដ្ឋកិច្ច ការលុបបំបាត់ភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាគី ទាំងពីរបានស្វាគមន៍ចំពោះការដាក់ឱ្យដំណើរការរួមគ្នានៃប្រព័ន្ធទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនតាមរយៈ ក្បូអរកូដ(KH-QR) ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក និងសម្រួលដល់វិស័យ ទេសចរណ៍និងពាណិជ្ជកម្ម។

ចំពោះវិស័យទេសចរណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យ មានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣- ២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទី ក្រុងធំៗលំដាប់ទីពីរ។

ក្នុងវិស័យអប់រំ សម្ដេចធិបតី បានថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ ចំពោះព្រះរាជគម្រោងរបស់ ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិន្ទថន រាជរដ្ឋាភិបាល និងក្រុមហ៊ុន ថៃនានាដែលបានបន្តផ្ដល់ជំនួយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រួមមានការបង្កើតវិទ្យា ស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងការផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាជាច្រើន ជារៀងរាល់ឆ្នាំ។ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន បានបញ្ជាក់សាជាថ្មីអំពីតួនាទី របស់ប្រទេសថៃ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំរបស់កម្ពុជា។

ចំពោះវិស័យការងារ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ដែល បានយកចិត្តទុកដាក់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុង រស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។ ឯកឧត្តមនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានសង្កត់ធ្ងន់ ថា ពលករកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ដូច្នេះ រាជរដ្ឋាភិបាលថៃ នឹងយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគាត់។

ក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការយ៉ាងជិតស្និទ្ធក្នុង ការទប់ស្កាត់និងបង្ក្រាបសកម្មភាពខុសច្បាប់ ផ្លាស់ប្ដូរនិងចែករំលែកព័ត៌មាន សហការក្នុងការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លង និងព័ត៌មានក្លែងក្លាយ ព្រមទាំងជួយគ្នាទៅវិញទៅ មកក្នុងការសង្គ្រោះពេលមានគ្រោះមហន្តរាយធម្មជាតិ។

នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តសកម្មភាពដោះមីន នៅ តាមព្រំដែន សំដៅពង្រឹងវិធានការសុវត្ថិភាព ដើម្បីការពារប្រជាពលរដ្ឋ និងសន្តិសុខជាតិ។

តបតាមសំណើរបស់សម្ដេចធិបតី ឯកឧត្ដម នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នឹងពិចារណា ដោយយកចិត្តទុកបំផុតចំពោះសំណើឱ្យមាននីតិវិធីអន្តោប្រវេសន៍និងការសម្រួលនៅតាមព្រំដែន ប្រសើរជាងមុន ព្រមទាំងពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជានៅក្នុងខេត្តសុងក្លា ដើម្បីពង្រីក សេវាកុងស៊ុលជូនប្រជាពលរដ្ឋកម្ពុជាដែលធ្វើការនិងស្នាក់នៅ ក្នុងភាគខាងត្បូងនៃប្រទេសថៃ។

បន្ទាប់ពីកិច្ចពិភាក្សាគ្រប់ជ្រុងជ្រោយ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួល «មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះដទៃទៀត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មជ្ឈមណ្ឌលនេះ ផ្តល់ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្សនូវសេវាគាំពារនិងស្តារនីតិសម្បទា រួមទាំងកន្លែង ស្នាក់នៅបណ្ដោះអាសន្ន ម្ហូបអាហារ ការថែទាំសុខភាព ការព្យាបាល ការអប់រំ ការបណ្តុះបណ្តាល វិជ្ជាជីវៈ និងជំនាញរស់នៅសម្រាប់សុវត្ថិភាព ដោយគ្មានការរើសអើង។

សម្តេចធិបតី បានទទួលយកដោយក្តីសោមនស្សរីករាយ នូវការអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការ នៅព្រះរាជាណាចក្រថៃរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នៅពេលវេលាសមស្របណាមួយនៅ ពេលខាងមុខ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner