ក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុប្រាំបួនឆ្នាំ ក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីដែលមានអាយុប្រាំបួនឆ្នាំទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន ខណៈកម្ពុជាក៏មានគម្រោងផ្តល់ថ្នាំបង្ការនេះដល់កុមារី ដែលមានអាយុលើសពី៩ឆ្នាំតាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ។
ចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នំា២០២៣ នេះតទៅ ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដោយមិនគិតថ្លៃដល់កុមារីអាយុប្រាំបួនឆ្នំានៅទូទាំងប្រទេសនេះ ធ្វើឡើងតាមរយៈការចុះផ្តល់សេវាជាទៀងទាត់នៅតាមសាលារៀន និងសហគមន៍ និងការផ្តល់សេវាជាប្រចាំនៅ មណ្ឌលសុខភាព។
ការផ្តល់នេះធ្វើឡើងដោយក្រសួងសុខាភិបាល សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្ររបស់សម្ព័ន្ធសកលសម្រាប់វ៉ាក់សាំងនិងការផ្តល់ថ្នាំបង្ការ (Gavi), អង្គការសុខភាពពិភពលោក (WHO), យូនីសេហ្វ (Unicef) និងអង្គការ Clinton Health Access Initiative (CHAI)។
ពិធីប្រកាសជាផ្លូវការនេះបានធ្វើឡើងដោយមានការចូលរួមជាអធិបតីភាព ពីឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រ សួងសុខាភិបាល មន្រ្តីពាក់ព័ន្ធក្នុងក្រសួង និងអង្គការដៃគូជាច្រើន ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា ជំងឺមហារីកមាត់ស្បូន គឺជាជំងឺមហារីកដែលកើតឡើងញឹកញាប់ជាងគេលំដាប់ទី ៤ និងជាមូលហេតុនៃការបាត់បង់ជីវិតរបស់ស្ត្រី បណ្តាលមកពីជំងឺមហារីកនៅទូទាំងសកលលោក ដែលករណីភាគច្រើនកើតមាននៅតាមប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម។
នៅកម្ពុជាជំងឺមហារីកមាត់ស្បូនជាជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេលំដាប់ទីពីរ និងជាមូលហេតុចម្បងទីបីនៃមរណភាពដែលបណ្តាលមកពីជំងឺមហារីក ក្នុងចំណោមស្ត្រីគ្រប់វ័យ ដោយមានការប៉ាន់ប្រមាណថា មានករណីថ្មីៗប្រមាណ ១ ១៣៥ ករណី និងស្លាប់ ៦៤៣ ករណីជារៀងរាល់ឆ្នាំ។
សេចក្តីប្រកាសព័ត៌មានបន្តថា ភស្តុតាងថ្មីៗពីអង្គការសុខភាពពិភពលោកបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដូស មានប្រសិទ្ធភាពកាត់បន្ថយការបង្ករោគដោយ HPV និងបង្ការ ជំងឺមហារីកមាត់ស្បូនពី ៨០ ទៅ ៩០ ភាគរយ។
ឯកឧត្តម ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនាពិធីនោះថា ៖ «តាមពិតការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះ ជាការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជាយើង ហើយជាពិសេសក្រសួងសុខាភិបាលបានរៀបចំគំនិតនេះយូរមកហើយ។ ដូចនេះនៅពេលនេះជាឱកាសប្រវត្តិសាស្រ្តមួយក្នុងនាមយើងខ្ញុំជាមន្រ្តីសុខាភិបាលមានការរីករាយក្នុងការអនុវត្តនេះ»។
ឯកឧត្តម ឈាង រ៉ា បានបន្តថា ចំពោះប្រជាពលរដ្ឋ ក៏មានការរីករាយក្នុងការទទួលនូវការផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះចំពោះស្រ្តីចាប់ពី កុមារីអាយុ៩ឆ្នាំ ដែលមានអត្ថប្រយោជន៍មួយជីវិត គឺចាក់តែមួយលើកនៅពេលនេះគឺការពារមហារីកមាត់ស្បូនបានដល់ទៅជាង៩០ភាគរយនៅក្នុងជីវិតរបស់ស្រ្តី។វ៉ាក់សាំងនេះពិតជាមានអត្ថប្រយោជន៍ធំធេងណាស់ ហើយនេះជាសមិទ្ធផលថ្មី ដែលយើងមិនមែនគ្រាន់តែព្យាបាលមួយពេលទេ តែគឺការពារមួយជីវិតដោយការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនតែមួយដូស។
បើតាមការលើកឡើងរបស់ឯកឧត្តម ឈាង រ៉ា វ៉ាក់សាំងការពារមហារីកមាត់ស្បូននេះ មានតម្លៃថ្លៃ តែរាជរដ្ឋាភិបាលកម្ពុជាវិនិយោគសម្រាប់វិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលត្រូវតែផ្តល់ឱ្យប្រជាពលរដ្ឋហើយផ្តល់ដោយឥតគិតថ្លៃ ហើយក៏មានគ្រោងនឹងផ្តល់វ៉ាក់សំាងបង្ការជំងឺមហារីកមាត់ស្បូននេះដល់កុមារីអាយុលើសពីប្រាំបួនឆ្នាំ តាមរយៈយុទ្ធនាការមួយដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។
លោក Will Parks តំណាងយូនីសេហ្វប្រចាំនៅកម្ពុជា លើកឡើងដែរពីសារៈសំខាន់នៃសមធម៌ក្នុងការដាក់បញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននៅកម្ពុជា និងសារៈសំខាន់នៃការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាពដល់កុមារី ជាផ្នែកមួយនៃការថែទាំសុខភាពបឋម។
លោកថ្លែងថា ៖ «យើងត្រូវធានាយ៉ាងណាឱ្យកុមារីដែលបានបំពេញតាមគ្រប់លក្ខខណ្ឌទាំងអស់ ជាពិសេសកុមារីរស់នៅតាមសហគមន៍ដែលមានហានិភ័យខ្ពស់ សហគមន៍ក្រីក្រនៃតំបន់ប្រជុំជន សហគមន៍ជនបទដាច់ស្រយាល ក៏ដូចជាជនជាតិភាគតិច និងអ្នកចំណាកស្រុក បានទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ព្រមទំាងសេវាចាំបាច់សំខាន់ៗទៀត សម្រាប់សុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេ»។
ចំណែក លោក Pascal Ringwald តំណាងស្តីទីរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បាន សាទរដល់ក្រសួងសុខាភិបាល ចំពោះការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះ។ វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន គឺជាយុទ្ធសាស្ត្របង្ការបឋមមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅលុបបំបាត់ជំងឺមហារីកមាត់ស្បូន។
លោកថ្លែងថា ៖ «វ៉ាក់សាំងនេះមានសុវត្ថិភាព និងជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់បង្ការជំងឺមហារីកមាត់ស្បូន។ ការសម្រេចបាននូវការគ្របដណ្តប់ជាង ៨០% នៃការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ១ ដូស នឹងផ្តល់ប្រយោជន៍ដល់ប្រជាជន គ្រួសារ និងសហគមន៍កាន់តែច្រើននៅក្នុងបណ្តាទសវត្សរ៍ខាងមុខនេះ»។
សូមបញ្ជាក់ថា ពីឆ្នាំ ២០១៧ ដល់ឆ្នំា ២០១៨ ក្រសួងសុខាភិបាលបានអនុវត្តគម្រោងសាកល្បងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារី អាយុប្រាំបួនឆ្នាំ ក្នុងស្រុកចំនួន ១០ នៃខេត្តចំនួនពីរ គឺខេត្តសៀមរាប និងស្វាយរៀងដោយជោគជ័យ។
គម្រោងនេះសម្រេចបានការគ្របដណ្តប់ ៩៦ ភាគរយ ដែលនេះបង្ហាញថាការទទួលយកវ៉ាក់សំាងរបស់សហគមន៍ មានកម្រិតខ្ពស់ និងបង្ហាញពីសមត្ថភាព និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការផ្តល់ថ្នាំបង្ការនេះ នៅទូទាំងប្រទេស។ បច្ចុប្បន្ន កម្ពុជាចូលរួមជាមួយប្រទេសចំនួន ១៣៦ នៅទូទាំងពិភពលោ ក ក្នុងការបញ្ចូលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ៕ ដោយ៖ នាង សុគន្ធា