ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងមហារីកមាត់ស្បូនដោយឥតគិតថ្លៃ (Video Inside)
ក្រសួងសុខាភិបាល បានប្រកាសការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចាប់ផ្តើមពីកុមារីអាយុ ៩ឆ្នាំឡើងទៅ។
ជំងឺមហារីកមាត់ស្បូន ជាជំងឺមួយដែលគេអាចការពារបានតាមរយៈការចាក់ថ្នាំបង្ការ។ ជម្ងឺមហារីកមាត់ស្បូននេះ ក៏ជាជម្ងឺអាចធ្វើឱ្យស្ត្រីបាត់បង់ជីវិតផងដែរ បើសិនជាគ្មានការចាក់បង្ការការពារ។
នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន គឺជាជម្ងឺមួយដែលធ្លាប់បានកើតទៅលើស្រ្តីគ្រប់វ័យ។ យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០, ជំងឺមហារីកមាត់ស្បូនធ្លាប់បានសម្លាប់ស្ត្រីចំនួន៦៤៣នាក់។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពីការដាក់បញ្ចូលថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូននាថ្ងៃទី៥តុលា បានបញ្ជាក់យ៉ាងនេះ។
វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន គឺជាវ៉ាក់សាំងមួយដែលមានតម្លៃខ្ពស់ដែលស្ត្រីម្នាក់ៗ ធ្លាប់បានចាក់កន្លងត្រូវចំណាយមួយម្ជុលពីរវាង ៩០ដល់ ៣០០ដុល្លារ។ ប៉ុន្តែគោលនយោបាយ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ការចាក់វ៉ាក់សាំង បង្ការលើកុមារីអាយុ ៩ឆ្នាំឡើងទៅ គឺជាការចាក់ដែលមិនយកប្រាក់កម្រៃឡើយ។
យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការពង្រឹងវិស័យសុខាភិបាល គឹជាអាទិភាពទី៣ បន្ទាប់ពីការពង្រឹងវិស័យសាធារណៈ និងវិស័យអប់រំ។