អ្នកនាំពាក្យក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបនៅតែរឹតបន្តឹង បេក្ខជនដែលប្រព្រឹត្តខុសវិន័យនឹងប្រឈមមិនអនុញ្ញាតឱ្យប្រឡង ឬធ្លាក់ស្វ័យប្រវត្តិ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះក្រសួងនៅតែរឹតបន្តឹង ពុំមានការលើកលែងឡើយ ហើយបេក្ខជនដែលអនុវត្តខុសវិន័យនឹងប្រឈមការធ្លាក់ជាស្វ័យប្រវត្តិ។

បញ្ជាក់ប្រាប់ AMS នាល្ងាចថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថា៖”សម្រាប់វិធានការប្រឡងយើងនៅតែអនុវត្តវិធានការដូចដែលយើងអនុវត្តកន្លងមក ដែលនេះមានន័យថាយើងនៅតែយកចិត្តទុកដាក់ទៅនឹងការអនុវត្តច្បាប់ តម្លាភាព យុត្តិធម៌និងលទ្ធផលដែលអាចទទួលយកបាន។ដូច្នេះហើយវិន័យនិងអ្វីដែលយើងបានចែងនៅតែបន្តអនុវត្តអញ្ចឹង”។

មន្រ្តីអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ចំពោះការហាមឃាត់មិនឱ្យយកឯកសារ ទូរស័ព្ទ គ្រឿងអេឡិកត្រូនិក…គឺនៅតែហាមមិនឱ្យមានការប្រើប្រាស់ដដែល។សម្រាប់សិស្សដែលអនុវត្តខុសវិន័យក្នុងសេចក្តីណែនាំក្នុងការប្រឡងនឹងទទួលបានទោសនានាទៅតាមកម្រិតទោសនីមួយៗក្នុងនេះមានទោសកំហុសដែលនឹងមិនអនុញ្ញាត្តិឱ្យប្រឡង ឬធ្លាក់ជាស្វ័យប្រវត្តិជាដើម”។

គួរបញ្ជាក់ថាារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ អង្គភាពប្រឆាំងអំពើពុករលួយ(ACU)គ្រោងនឹងដាក់មន្រ្តីចំនួន៦០០នាក់ និងក្រៅពីនេះក៏មានអ្នកស្ម័គ្រចិត្តចំនួន៣០០០នាក់ផ្សេងទៀតក៏នឹងចូលរួមសង្កេតការណ៍នៃការប្រឡងនេះផងដែរ។

គួររំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ កន្លងមក មានបេក្ខជនចុះឈ្មោះប្រឡង សរុប១២៨.១៣៤ នាក់ ស្រី ៦៨.៧៧១ នាក់ មណ្ឌលប្រឡងសរុប ២២១ មណ្ឌល ត្រូវជា ៥.១៧៤ បន្ទប់ ។

បើតាមស្ថិតិរបស់ក្រសួងអប់រំ កន្លងមក ក៏បានបង្ហាញដែរថា លទ្ធផលបេក្ខជនប្រឡងជាប់ សរុប ៩០.៩៥០ នាក់ ត្រូវជា ៧២,៣៣ភាគរយ នៃចំនួនបេក្ខជន មកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១.០៤៩ នាក់, និទ្ទេស B ចំនួន ៧.២៣២ នាក់, និទ្ទេស C ចំនួន១៩.០៥៣ នាក់, និទ្ទេស D ចំនួន ៣១.១៦៦ នាក់, និងនិទ្ទេស E ចំនួន ៣២.៤៥០ នាក់ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner