អាជ្ញាធរជាតិអប្សរា ហាមឃាត់ចំពោះការថតនៅ ក្នុងតំបន់រមណីយ ដ្ឋាន អង្គរ សម្រាប់យកទៅធ្វើ អាជីវកម្ម
សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ការថតរូបភាពទេសចរ រូបភាពអនុស្សាវរីយ៍និងរូបភាពសម្រាប់ការអប់រំ មិនមានការហាមឃាត់ទេ គឺហាមឃាត់ចំពោះតែការថតណាសម្រាប់យកទៅធ្វើអាជីវកម្មប៉ុណ្ណោះ។ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែតុលាថា ចំពោះសាធារណជន ដែលមកទស្សនាតំបន់អង្គរ ក្នុងខេត្តសៀមរាប គឺអាចថតរូប អនុស្សាវរិយ៍ រូបភាពទេសចរណ៍ ជាលក្ខណគ្រួសារនិងរូបភាពសម្រាប់យកទៅផ្សព្វផ្សាយអប់រំបានដោយសេរី មិនមានការហាមឃាត់អ្វីឡើយ ហើយក៏មិនយកប្រាក់ដែរ។
ដោយឡែកចំពោះ ការថតភាពយន្ត ឬថតចម្រៀងកាយវិការ ឬក៏ឯកសារផ្សេងៗ ដោយយោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល គឺតម្រូវឱ្យផលិតករ ចាំបាច់ត្រូវតែសុំការអនុញ្ញាត ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ដោយដាក់ទាំងអត្ថបទនៃសាច់រឿងទៅជាមួយផង ដើម្បីឱ្យក្រុមអ្នកជំនាញផ្នែកវប្បធម៌ បានពិនិត្យមើលខ្លឹមសារនៃសាច់រឿងនោះ។
ឯកឧត្តម ឡុង កុសល បានបញ្ជាក់យ៉ាងច្បាស់ថា ការដែលតម្រូវឱ្យផលិតករដាក់ទាំងអត្ថបទ ឱ្យអ្នកជំនាញពិនិត្យខ្លឹមសារនោះ គឺមិនមែនជាការរឹតត្បិតសេរីភាពនៃការសរសេររបស់ផលិតករទេ ដោយគ្រាន់តែចង់ចូលរួមកែសម្រួលនូវប្រវត្តិសាស្រ្ត ឬក៏ទម្រង់នៃវប្បធម៌ ឱ្យបានត្រឹមត្រូវប៉ុណ្ណោះ។ កន្លងមកមានប្រជាពលរដ្ឋជាច្រើន ដែលបានប្រកបរបរស្លៀកសម្លៀកបំពាក់បុរាណខ្មែរ សម្រាប់ភ្ញៀវទេសចរណ៍ដែលចូលទៅទស្សនាប្រាសាទ ហើយអ្នកជំនាញរបស់ក្រសួងវប្បធម៌ ក៏បានទៅពិនិត្យនិងជួយកែលំអ ឱ្យត្រូវទៅតាមទម្រង់នៃសម្លៀកបំពាក់ខ្មែរផងដែរ។
មន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានសំណូមពរ ឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ឬថតចម្រៀងកាយវិការក្តី សូមយោគយល់ចំពោះការអនុវត្តន៍យន្តការគ្រប់គ្រងការប្រើប្រាស់និងការថតរូបភាព រមណីយដ្ឋានអង្គរ និងកន្លែងមួយចំនួនទៀតដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃអាជ្ញាធរអប្សរា ដោយតម្រូវឱ្យសុំការអនុញ្ញាតទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ។
គោលបំណងនៃការតម្រូវឱ្យម្ចាស់ផលិតកម្ម ដែលត្រូវមកថតភាពយន្ត ថតចម្រៀងកាយវិការ នៅតំបន់អង្គរត្រូវសុំការអនុញ្ញាតិជាមុននេះ គ្មានអ្វីក្រៅពីចង់លើកតំកើងអង្គរ វប្បធម៌ ប្រពៃណី និងស្ថាប្យកម្មនោះឡើយ ពីព្រោះអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម ឡុង កុសល បានប្រៀបធៀបអង្គររបស់ខ្មែរ ទៅនិងមេមាន់ ដែលពងចេញមាស ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋខ្មែរគ្រប់រូបមិននាំគ្នាជួយថែរក្សាអង្គរឱ្យបានល្អទេ នោះមេមាន់នឹងលែងពងចេញមាសទៀតហើយ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា មានគំរោងនឹងធ្វើការកែលំអនីតិវិធីខ្វះខាតមួយចំនួន ដើម្បីធ្វើយ៉ាងណា ឱ្យផលិតករភាពយន្ត ឬក៏អ្នកថតរូបធ្វើអាជីវកម្ម អាចស្នើសុំការអនុញ្ញាតិចូលថតរូបនៅក្នុងតំបន់អង្គរបានកាន់តែងាយស្រួលនិងរលូន។ ជាមួយគ្នានេះ អាជ្ញាធរអប្សរា ក៏មានគំរោងរៀបចំឱ្យមាន Call Center ដើម្បីឱ្យអាជីវករដែលត្រូវការថតរូបក្នុងតំបន់អង្គរ អាចទាក់ទងបានងាយស្រួល ព្រមទាំងបង្កើតប្រព័ន្ធ Online ដើម្បីឱ្យអាជីវករអាចចូលស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យា បានយ៉ាងឆាប់រហ័សផងដែរ។
ស្ដែងចេញពីការប្រឹងប្រែងទាំងអស់នេះហើយ ក្នុងនាមជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គួរតែចូលរួមថែរក្សា នឹងអភិរក្សរមណីយដ្ឋានអង្គរ ឲ្យបានល្អផូរផង់យូរអង្វែងដូចពាក្យស្លោកលើកឡើងថា «អង្គរវត្តជាមេមាន់ពងមាស»ជាដើម៕
ដោយ ស៊ាន សុផាត