ឯកអគ្គរដ្ឋទូត អាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការ កងកម្លាំងអនុវត្តច្បាប់ អាមេរិកជាមួយកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

ភ្នំពេញ៖ ខណៈអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តការរវាង កងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកជាមួយ និងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការជួយគាំទ្រពីនគរបាលជាតិកម្ពុជា រាលការស្នើសុំកិច្ចសហការពីសហរដ្ឋអាមេរិក ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណចំពោះការធានាសន្តិសុខប្រកបដោយសុវត្ថិភាព ដែលនគរបាលជាតិកម្ពុជា បានផ្តល់ជូនស្ថានទូត រួមមានទាំងកិច្ចការពារស្ថានទូតអាមេរិក ការពារប្រតិភូ បុគ្គលិកការទូត និងនិវេសនដ្ឋាន រួមទាំងពលរដ្ឋអាមេរិកដែលស្នាក់នៅកម្ពុជា ប្រកបដោយកាយវិការទន់ភ្លន់ ម៉ត់ចត់ ម៉ឺងម៉ាត់ អត់ធ្មត់។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយ កងកម្លាំងអនុវត្តច្បាប់អាមេរិកអមស្ថានទូតប្រចាំកម្ពុជា ជាពិសេស ឯកឧត្តម បានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឱ្យគេចផុតពីបទល្មើសដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ពាក់ព័ន្ធនឹងការងារសម្អាតប្រាក់វិញ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិក បានអបអរសាទរដែល កម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ និងបានស្នើឱ្យកម្ពុជាយកចិត្តទុកដាក់ ក្នុងការថែរក្សាការងារសម្អាតប្រាក់នេះ ឱ្យកាន់តែប្រសើរថែមទៀត ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកទឹកចិត្តឱ្យនគរបាលជាតិកម្ពុជា រៀបចំចាត់តាំងមន្ត្រី ដើម្បីទៅចូលរួមទទួលការបណ្តុះបណ្តាល នៅសាលាបណ្ឌិត្យសភាអាយលា (ILEA) ប្រចាំនៅទីក្រុងបាងកក ដោយនៅទីនោះ ជាមជ្ឈមណ្ឌលប្រកបដោយសក្តានុពល ក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ គ្រប់មុខជំនាញ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ ភាគីអាមេរិក ដែលបានផ្តល់ការបណ្តុះបណ្តាល ហើយនគរបាលជាតិកម្ពុជា ក៏បានត្រៀមខ្លួនជានិច្ច ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល ទទួលយកបទពិសោធន៍ពី សាលាបណ្ឌិត្យសភាអាយលា (ILEA) យកមកប្រើប្រាស់ឱ្យចំមុខជំនាញ។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំឱ្យអាមេរិកបន្តការគាំទ្របន្ថែមទៀត ទាំងផ្នែកធនធានមនុស្ស និងជំនាញព្រមទាំងចែករំលែកព័ត៌មានសំខាន់ៗ ដែលឈានទៅដល់ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner