អ្នកប្រកបរបរ រត់ម៉ូតូកង់បី (Pass-App) ១២០នាក់ បានទទួលការបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ផ្លូវគោក ពីមន្ទីរសាធារណការខេត្តបាត់ដំបង

បាត់ដំបង៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានរៀបចំវគ្គបណ្តុះបណ្តាល “ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក” និង សុជីវធម៌ក្នុងការបើកបរ សិទ្ធិអាទិភាព គំនូស ឬ ស្លាកសញ្ញាចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវ ជូនដល់សិក្ខាកាម ចំនួន ១២០នាក់ ដែលកំពុងប្រកបរបរជាអ្នកបើកបរទោចក្រយានយន្ត ទោចក្រយានយន្តណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត(Pass-App)នៅក្នុងក្រុងបាត់ដំបង និងមកពីស្រុកមោងឫស្សី ។

វគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្នុងបរិវេណមន្ទីរ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តបាត់ដំបងបានគូសបញ្ជាក់ថា៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបញ្ជ្រាបនូវការយល់ដឹងបន្ថែមទៀតដល់ពួកគាត់ និងដើម្បីពង្រឹងដល់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយពីអត្រាគ្រោះថ្នាក់នៅតាមដងផ្លូវ ដែលតែងកើតមានកន្លងមកផងដែរ។លោកបានបញ្ជាក់បន្ថែមទៀតថា៖ នេះជាវគ្គបណ្តុះបណ្តាលលើកទី២ផងដែរ ដែលមន្ទីរបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលវគ្គខ្លីដល់បងប្អូនដែលប្រកបរបរបើកបរយានយន្តទាំងនោះ។

តាមរយៈការទទួលបាននូវការបណ្តុះបណ្តាល”ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក”និងពីសុជីវធម៌ក្នុងការបើកបរសិទ្ធិអាទិភាពនិងពីគំនូសឬស្លាកសញ្ញាចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវ ក្រុមអ្នករត់ម៉ូតូកង់បី បានលើកឡើងថា៖វគ្គបណ្ដុះបណ្ដាលនេះពិតជាផ្តល់នូវសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ ក្នុងការទទួលបាននូវចំណេះដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍ ពីការបើកបរ និងពីការប្រើប្រាស់លើដងផ្លូវ និងកាន់តែយល់ដឹង ពីការបើកបរត្រូវគោរពច្បាប់ចរាចរណ៍។ និងជួយឱ្យពួកគាត់ឲ្យទទួលបាននូវទំនុកចិត្តខ្ពស់ពីភ្ញៀវពោលគឺ ៖ ធ្វើឱ្យភ្ញៀវមានអារម្មណ៍កក់ក្ដៅ ពីសុខសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ខ្លួន ៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner