រាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលានេះ
ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ចាក់ថា ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០-៦០%។
គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ថា ៖
ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” បាននិងកំពុងបន្តដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល ព្យុះនេះពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
- ចាប់ពីនៅថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ស្ថានភាពភ្លៀងធ្លាក់នឹងចុះថមថយ។
- នៅរាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០-៦០%៕
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី