លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ចុះពិនិត្យការដាក់លូរំដោះទឹក កាយប្រឡាយលើកទី ២ ជូនគ្រួសារយោធិនពិការ
ស្វាយរៀង៖ ដោយមានសំណូមពរ និងមនោសញ្ចេតនាផ្សាភ្ជាប់ របស់ប្រជាពលរដ្ឋ រសៀលថ្ងៃទីព្រហស្បតិ៍ ទី ៥ ខែ តុលា ឆ្នាំ ២០២៣ លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង រូមដំណើរដោយលោកអភិបាលរងខេត្ត ស្រុក ឃុំ បានចុះពិនិត្យការដាក់លូរំដោះទឹក កាយប្រឡាយលើកទី ២ ជូនគ្រួសារយោធិនពិការនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ។
គម្រោងនេះក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពីឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ឯកឧត្តម ហុង វិណុល មេបញ្ជាររងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក ។ ប្រឡាយនេះមានប្រវែង ១,៧០០ ម៉ែត្រ មាត់លើ ៤ ម៉ែត្រ បាតក្រោម ២ ម៉ែត្រ ជម្រៅ ១,៥ ម៉ែត្រ ត្រូវការដាក់លូចំនួន ៨២ កន្លែងសរុបចំនួន ២៦៣ កង់ ។
ក្នុងឱកាសនេះ លោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ថា បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅតំបន់នេះ ជាកង្វល់របស់អាជ្ញាធរ ដូច្នេះជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណា នាំទឹកឱ្យអស់ចេញពីតំបន់ទំនាប នោះការលិចលង់នឹងអាចដោះស្រាយបាន ។ នៅចំពោះមុខនេះយើងត្រូវដាក់លូបន្ថែម ស្តារ កាយប្រឡាយទឹកហូរឱ្យបានលឿន និងមួយផ្នែកទៀតត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយខាងក្រោម ដើម្បីឱ្យទឹកហូរលឿន ។ ចំពោះក្រុមការងារជាងត្រូវដាក់លូឲ្យបានឆាប់រហ័ស និងមានគុណភាព ទើបអាចរំដោះទឹកជូនពួកគាត់បានទាន់ពេលវេលា មិនធ្វើឲ្យខូចខាតផលដំណាំរបស់ពួកគាត់ ៕