ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ៖ ការអនុវត្តរដ្ឋធម្មនុញ្ញរយៈពេល៣០ឆ្នាំកន្លងមកនេះ កម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ក្នុងការកសាងប្រទេសជាតិ ឱ្យទៅជាកោះសន្តិភាព
ភ្នំពេញ៖ ថ្លែងក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី០៥ តុលា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍ថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ដែលត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្តលេខា លើព្រះរាជក្រម ប្រកាសឱ្យប្រើ។ សភាធម្មនុញ្ញ បានតាក់តែងរក្សាឱ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ (គឺជាតិ សាសនា ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ (គឺប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ដោយបញ្ចូលទាំងស្រុងនិងលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការបន្សំបន្ស៊ីគ្នានៃគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួលនិងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយនិងបញ្ហាច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម។
រដ្ឋធម្មនុញ្ញនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន១០លើក និងត្រូវបង្កើតច្បាប់ធម្មនុញ្ញបន្ថែមចំនួនមួយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងរបស់សង្គម ។
ការអនុវត្តរដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លា ស្របតាមឆន្ទៈដែលបានសរសេរចារឹកក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញ ក្នុងការកសាងប្រទេសជាតិ ឱ្យទៅជា “កោះសន្តិភាព ” ឡើងវិញពេញបរិបូរណ៍នៅក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ គ្រប់ស្ថាប័នជាតិ ធានាបានការប្រព្រឹត្តទៅដោយទៀងទាត់នៃអំណាចសាធារណៈ ប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ប្រែមុខមាត់ថ្មីប្រកបដោយកិត្តិយស ស្មើភាព ស្មើសិទ្ធិលើឆាកអន្តរជាតិ ដោយមានរាជរដ្ឋាភិបាលជាស្នូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីរដ្ឋធម្មនុញ្ញ ក្នុងការដឹកនាំនាវាកម្ពុជាឱ្យក្លាយ (១) ជារដ្ឋប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស (២) ជារដ្ឋឯករាជ្យ អធិបតេយ្យ សន្តិភាព អព្យាក្រឹត្យ អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ រួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់លើសកលលោក ដោយអនុវត្តនយោបាយ បរទេសឯករាជ្យផ្អែកលើច្បាប់ (៣) ជារដ្ឋអនុវត្តសេដ្ឋកិច្ចទីផ្សារ គោរពការពារសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ស្របតាមគន្លងស្មារតីនីតិរដ្ឋជាគោល និង(៤) ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិ មានជីវភាពរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាពទូលំទូលាយ ក្នុងការចូលរួមសកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ និងរួមរស់ក្នុងភាពសុខដុមជាតិសាសន៍ និងសាសនាយ៉ាងល្អប្រពៃ។
ឯកឧត្តមបន្តថា ផ្អែកលើមូលដ្ឋាននៃសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលសម្រេចបានក្នុងរយ:ពេលកន្លងមក ព្រះរាជាណាចក្រកម្ពុជា ដោយមានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាស្នូល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មាន ការប្ដេជ្ញាខ្ពស់ បន្តអនុវត្តរដ្ឋធម្មនុញ្ញ ដែលមានស្មារតីសម្របសម្រួលរួមគ្នា នៃគុណតម្លៃទំនើប និងគុណតម្លៃប្រពៃណីរបស់ជាតិ ដោយបន្តពង្រឹងថាមពលនៃកម្លាំងនេះ ទន្ទឹមនឹងរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះ ធានានូវធម្មានុរូបភាពនៃរបបនយោបាយកម្ពុជា ដើម្បីបុព្វហេតុបន្តការអភិវឌ្ឍប្រទេសជាតិ ឈរលើមូលដ្ឋាន “កម្មវិធីនយោបាយ” និង “យុទ្ធសាស្ត្របញ្ចកោណ” សម្រាប់ការអនុវត្តជាដំណាក់កាលៗ ដោយសម្លឹងឆ្ពោះទៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕
ដោយ វណ្ណលុក