រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្នើឱ្យអង្គការរូមធូរីដ ជួយដល់ការវាយតម្លៃនៃការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យលោក Michael Bowers ប្រធានកម្មវិធីនៃអង្គការរូមធូរីដសកលលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការរូមធូរីដ ដែលបានជួយដល់ការលើកម្ពស់អំណានថ្នាក់ដំបូង និងគាំទ្រដល់ការគ្រប់គ្រងនិងដំណើរការបណ្ណាល័យនៅតាមសាលាបឋមសិក្សាគោលដៅនាពេលកន្លងមក។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងបានអភិវឌ្ឍកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ផ្អែកតាមបទពិសោធនៃការអនុវត្តរបស់អង្គការរូមធូរីដ ។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គការរូមធូរីដជួយដល់ការវាយតម្លៃនៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
ជាការឆ្លើយតប ចាប់តាំងពីឆ្នាំ២០១៨មក អង្គការរូមធូរីដបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីអំណាន និងកម្មវិធីអប់រំកុមារី ចំណាយទឹកប្រាក់ជិត២០លានដុល្លារសហរដ្ឋអាមរិក។ ហើយអង្គការរូមរីដ សូមទទួលយកនូវសំណូមពររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងបានប្តេជ្ញាបន្តគាំទ្រដល់ការលើកកម្ពស់អំណាននៅកម្ពុជា។ លោក Micheal Bowers បានប្រគល់សៀវភៅជាខេមរៈភាសាចំនួនជាង១២ម៉ឺនក្បាលនិង សៀវភៅជាភាសាអង់គ្លេសចំនួនជាង៨៣ ម៉ឺនក្បាលដល់ក្រសួងផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាការថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Michael Bowers ទទួលជំនួស Dr Geetha Murali និងថ្នាក់ដឹកនាំអង្គការរូមធូរីដប្រចាំប្រទេសកម្ពុជាចំនួន ៤រូបទៀតផងដែរ ៕
ដោយ-រ៉ាវុធ