រដ្ឋមន្ត្រីមុខងារសាធារណៈ និងទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ពិសេស យន្តការនៃការប្រឡងជ្រើសរើសមន្ត្រីរាជការ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី បានជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ ពិសេស យន្តការនៃការប្រឡងជ្រើសរើសមន្ត្រីរាជការ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅបន្ទប់សវនាការ នៃទីស្តីការក្រសួងមុខងារសាធារណៈ តបតាមសំណើរបស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរបានធ្វើការពិភាក្សាជុំវិញប្រធានបទ ពាក់ព័ន្ធមួយចំនួននឹងវិស័យមុខងារសាធារណៈ កិច្ចការងារកំណែទម្រង់ រដ្ឋបាលសាធារណៈ និងប្រធានបទផ្សេងៗបន្ថែមទៀត ដែលរួមមានយន្តការ នៃការប្រឡងជ្រើសរើសមន្ត្រីដែលបានអនុវត្តក្នុងប្រទេសទាំងពីរ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី បានចែករំលែកអំពីស្ថានភាព និងដំណើរការ នៃការជ្រើសរើសមន្ត្រីរាជការនៅសហរដ្ឋអាមេរិក ដោយបានលើកឡើងអំពីការលំបាក នៃការផ្សព្វផ្សាយព័ត៌មាន ដើម្បីទាក់ទាញអ្នកដែលមានសមត្ថភាព និងចម្រុះជាតិសាសន៍ពីបណ្តារដ្ឋនានា ជាពិសេសរដ្ឋដែលនៅដាច់ស្រយាលឱ្យមកចូលរួមប្រឡងមន្ត្រីដោយផ្អែកលើគោលការណ៍ស្មើភាព និងមានសមត្ថភាព ។

ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់រាល់ចំណុចដែលឯកអគ្គរដ្ឋទូតបានលើកឡើង និងបានគូសបញ្ជាក់អំពីបេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ជាពិសេសទៅលើការអនុវត្តចក្ខុវិស័យ និងវិធានអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើកិច្ចការរៀបចំយន្តការថ្នាក់ជាតិ ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសកម្មភាពការងារ ដែលកំពុងដំណើរ ខណៈដែលការងារមួយចំនួនទាមទារពេលវេលាក្នុងការអនុវត្ត ហើយនឹងការបន្តកិច្ចខិតខំប្រឹងប្រែងសម្រួចបន្ថែមទៀតនៅក្នុងការអនុវត្តឱ្យកាន់តែមានភាពប្រសើរឡើង ។

សូមជម្រាបថា តាមរយៈជំនួបនាពេលនោះ ក៏បានអនុញ្ញាតឱ្យថ្នាក់ ដឹក នាំទាំងពីរ អាចផ្លាស់ប្តូរមតិយោបល់ និងបទពិសោធន៍ត្រង់ទៅត្រង់មក រៀនសូត្រពីគ្នាទៅវិញទៅមក និងស្វែងយល់ពីកត្តាប្រឈមផ្សេងៗ នៃប្រទេសទាំងពីរផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner