រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ខេត្តសៀមរាប

សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប សរុបប្រមាណជាង ២៥០រូប។

អង្គពិធីបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់តាមដាន និងដាក់ចេញយន្តការដើម្បីឆ្លើយតបរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការអន្តរាគមន៍សំខាន់ៗ សំដៅស្ដារកំណើនទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

ជាមួយនឹងការបញ្ជាក់ពីការប្ដេជ្ញាចិត្ត និងការខិតខំជាបន្តបន្ទាប់របស់ក្រសួងទេសចរណ៍ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីពីការដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួមក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្ត្រ ទាំង៥ ហៅកាត់ថា “បង្កើន៥-BUILD” និងការងារគាំទ្រអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍន៍៣ -3Ds”។

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃភាពជាដៃគូ រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍ (4Ps) ក្នុងការរួបរួមគ្នាពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងបរិបទនៃស្ថានភាពប្រឈមផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងការធ្វើដំណើរជាអន្តរជាតិរបស់ទេសចរ។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានបើកកិច្ចពិភាក្សា ដើម្បីប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ដើម្បីរិះរកវិធីសាស្រ្ត និងដំណោះស្រាយរួមគ្នា និងឈានទៅរៀបចំជារបាយការណ៍លម្អិតដាក់ជូនរាជរដ្ឋាភិបាលនាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ ទន្ទឹមនេះ តំណាងស្ថាប័នពាក់ព័ន្ធក៏បានចូលរួមមតិយោបល់ជាធាតុចូលសំខាន់ៗ គាំទ្រដល់ការពង្រឹងការអភិវឌ្ឍផលិតផលទេសចរណ៍, ការផ្សព្វផ្សាយទេសចរណ៍ និងគុណភាពទេសចរណ៍។

ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋមន្រ្តី អង្គភាពពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ខេត្តសៀមរាប ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នាក្នុងនាមខ្មែរតែមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner