វាយប្រហារដោយយន្ដហោះដ្រូន ស្លាប់មនុស្ស ១១២នាក់ នៅប្រទេសស៊ីរី
ដាម៉ាស៖ យន្តហោះដ្រូនបានវាយប្រហារទៅលើសាលាយោធាមួយ ក្នុងប្រទេសស៊ីរី បានសម្លាប់មនុស្សយ៉ាងហោច ១១២នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (Syrian Observatory for Human Rights) ដែលមានមូលដ្ឋានក្នុងចក្រភពអង់គ្លេស បានឱ្យដឹងថា មនុស្ស ១១២នាក់ ក្នុងនោះ រួមមានជនស៊ីវិល ២១នាក់ ហើយ ដែលក្នុងចំណោមជនស៊ីវិលទាំងនេះទៀតសោត មាន១១នាក់ជាស្ត្រី និងក្មេងស្រី ត្រូវបានសម្លាប់ ក្នុងការវាយដោយយន្ដហោះដ្រូនបំពាក់គ្រឿងផ្ទុះលើ សាលាយោធាមួយស្ថិតក្នុងខេត្ត Homs។
កងទ័ពស៊ីរី ក៏បានចេញសេចក្ដីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដែរថា ការវាយប្រហារនេះគឺជាទង្វើរបស់ពួកភេរវករដែលមានគោលដៅលើកម្មវិធីបញ្ចប់ការសិក្សាសម្រាប់ក្រុមមន្ត្រីនៃសាលាយោធា។ យ៉ាងណាក៏ដោយ មិនទាន់មានក្រុម ណាមួយចេញមុខអះអាងទទួលខុសត្រូវលើការវាយប្រហារនេះនោះទេ។
គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីសុខាភិបាលស៊ីរី មនុស្សជាង ២៤០នាក់ក៏បានរងរបួសនៅក្នុងការវាយប្រហារនោះដែរ ហើយរដ្ឋាភិបាលស៊ីរីបានប្រកាស កាន់ទុក្ខរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រនេះទៅ។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីបានដណ្តើមកាន់កាប់ទីក្រុង Homs ជាទីក្រុងធំទីបីរបស់ស៊ីរី មកវិញ ក្នុងឆ្នាំ២០១៧។ ប៉ុន្តែ បន្ទាយក្រុមឧទ្ទាម Idlib នៅភាគពាយ័ព្យប្រទេសស៊ីរី ត្រូវបានគ្រប់គ្រងដោយ Hayat Tahrir al-Sham ។ ក្រុមជីហាដ ដឹកនាំដោយអតីតសាខា អាល់ កៃដា ក្នុងស្រុក បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល នៅក្នុងពេលកន្លងមក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត