អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំមកនេះ
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រកាន់ភ្ជាប់នូវការអនុវត្តរដ្ឋធម្មនុញ្ញ និងការការពាររដ្ឋធម្មនុញ្ញក្នុងរយៈពេល៣០ឆ្នាំមកនេះ។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺបានបញ្ចូលទាំងស្រុងនូវខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស រវាងភាគីជម្លោះទាំងអស់ដែលបានព្រមព្រៀងគ្នាពីរបៀបរបបពីគោលការណ៍ នៃការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ។ គោលការណ៍នេះ ត្រូវបានបន្តអនុវត្តនឹងការពារដោយរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេល៣០ឆ្នាំ។
ឯកឧត្តមបានបន្តថា គោលការណ៍ធំៗមានបី ដែលបានដាក់បញ្ចូល និងធ្វើការគោរពអនុវត្ត និងការពារក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានដូចជាៈ ទី១.របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ គឺព្រះមហាក្សត្រគ្រងរាជ្យតែមិនកាន់អំណាច គឺរដ្ឋាភិបាលប្តូរផ្តាច់ការពារព្រះមហាក្សត្រ ការពាររាជបល្ល័ង្ក មិនឲ្យមានអ្នកណាមករំលោភបំពាន ឬក៏ប៉ុនប៉ងផ្តួលរំលំរាជបល្ល័ង្ក ផ្លាស់ប្តូររបបពីរាជានិយមទៅសាធារណរដ្ឋគឺអត់ទេ គឺដាច់ខាតហើយ វិធានការច្បាប់ គឺម៉ឹងម៉ាត់។ រហូតដល់ធ្វើវិសោធនកម្មច្បាប់ក្នុងការការពារកេរ្តិ៍ឈ្មោះកិត្តិស័ព្ទរបស់ព្រះមហាក្សត្រមិនឲ្យមានអ្នកណាប្រមាថរំលោភបំពានបាននោះទេ។ រហូតដល់បញ្ញត្តិបទល្មើសព្រហ្មទណ្ឌទៀតពាក់ព័ន្ធដល់ការប្រាថអង្គព្រះមហាក្សត្រ។
ទី២.ប្រជាធិបតេយ្យ សេរីពហុបក្ស ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស គឺក៏ការពារដាច់ខាតដែរ។ ប៉ុន្តែគណបក្សណាដែលមិនអាចចូលរួមការបោះឆ្នោតបាន ឬក៏គណបក្សដែលត្រូវបានតុលាការកំពូលរំលាយចោល គឺជារឿងផ្លូវច្បាប់ វាអត់ប៉ះពាល់ដល់សេរីពហុបក្សទេ វាជារឿងផ្លូវច្បាប់ កាលណាយើងមិនបានបំពេញតាមគ្រប់លក្ខន្តិកៈដែលច្បាប់បានកំណត់យើងមិនអាចចូលរួមបានទេ។ប៉ុន្តែគណបក្សដទៃទៀតភាគច្រើន គេបំពេញបាន គេបានចូលរួមបាន។
និងទី៣.ការអនុវត្តសិទ្ធិសេរីភាពភ្ជាប់ជាមួយនីតិរដ្ឋ៖ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានា ក៏ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពទាំងអស់ត្រូវស្ថិតនៅក្នុងព្រំដែនក្របខណ្ឌច្បាប់ មិនអាចរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ បំពានទៅលើសិទ្ធិសេរីភាពរបស់អ្នកដទៃនោះទេ។ ប្រជាពលរដ្ឋភាគច្រើនលើសលប់បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនដោយសេរី ដោយសារតែគេយល់ដឹងនិងអនុវត្តបានត្រឹមត្រូវទៅតាមផ្លូវច្បាប់មិនបំពានច្បាប់ មិនបំពានសិទ្ធសេរីភាពរបស់អ្នកដទៃ។ ចំណែកមួយក្រុមតូចតែងតែបង្កបាតុភាពអុកឡុកបង្កបញ្ហា ក្រោមហេតុផលអនុវត្តសិទ្ធិសេរីភាព តែកាលណាធ្វើសកម្មភាពតាមបែបអណាធិបតេយ្យ បង្កបាតុភាព បង្កចលាចល ប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃ ប៉ះពាល់សន្តិសុខសង្គម សន្តិសុខសាធារណៈបំពានច្បាប់ គឺមិនមែនជាការអនុវត្តសិទ្ធិទេ គឺជាការប្រព្រឹត្តអំពើល្មើស អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់៕
ដោយ៖ពលជ័យ