រដ្ឋអាជ្ញា៖ វ៉េណេស៊ុយអេឡាចេញដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង

ការ៉ាកាស៖ ការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសវ៉េណេស៊ុយអេឡាបានឱ្យដឹងថា ខ្លួនបានចេញដីកា តាមចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido ហើយស្នើសុំកិច្ចសហការពីប៉ូលិសអន្តរជាតិ Interpol ក្នុងការចាប់ខ្លួននេះ។

លោក Tarek William Saab អគ្គរដ្ឋអាជ្ញា នៃប្រទេសវេណេស៊ុយអេឡា បានបញ្ជាក់ថា ក្រុមរដ្ឋអាជ្ញារបស់លោកបានចេញដីកាចាប់ខ្លួនលោក Guaido និង បានស្នើសុំសេចក្ដីប្រកាសក្រហម (Red Notice) ពីប៉ូលិស Interpol។ លោក Guaido ដែលកំពុងរស់នៅនិរទេសខ្លួននៅសហរដ្ឋអាមេរិក ត្រូវបាន ចោទប្រកាន់ពីសំណាក់អាជ្ញាធរវ៉េណេស៊ុយអេឡា ពីបទក្បត់ជាតិ និងលាងលុយ ក៏ដូចជា ប្រើប្រាស់ធនធានរបស់ក្រុមហ៊ុនប្រេងរដ្ឋវ៉េណេស៊ុយអេឡា ដោយបង្កការខាតបង់ជាង ១៩ ពាន់លានដុល្លារ។

ក្រោយដឹងដំណឹងពីដីកាចាប់ខ្លួនរូបនោះ មេដឹកនាំប្រឆាំង លោក Juan Guaido បាននិយាយ តាមរយៈវីដេអូផ្សាយផ្ទាល់នៃបណ្តាញសង្គម Instagram ពីអាមេរិកថា «អ្នកបានប្រើព័ត៌មានមិនពិត ដើម្បីនិយាយអំពីការចោទប្រកាន់ ករណី១៩ពាន់លាន របស់វ៉េណេស៊ុយអេឡា » ។

លោក Juan Guaido អតីតប្រធានសភាជាតិវ៉េណេស៊ុយអេឡា បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទី កាលពីខែមករា ឆ្នាំ២០១៩ ជាមួយការទទួលបានការគាំទ្រពីបណ្ដាប្រទេសលោកខាងលិច ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែ លោក Guaido បានបរាជ័យក្នុងការទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច រហូតធ្វើឱ្យលោកខ្លួនឯងបាត់បង់ឥទ្ធិពល និងត្រូវបានគណបក្សប្រឆាំងបញ្ចប់តួនាទីជា ប្រធានាធិបតីស្ដីទី របស់លោក កាលពីចុងឆ្នាំ២០២២៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner