ក្រសួងទេសចរណ៍ និងយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញាជំរុញការអភិរក្សនិងអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យកាន់តែប្រសើរ

ភ្នំពេញ៖ក្រសួងទេសចរណ៍ ​និងតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ ខណៈភាគីទាំងពីរ បានឯកភាពគំនិតផ្តួចផ្ដើមនានា ក្នុងការជំរុញអភិវឌ្ឍទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពប្រជាជនមូលដ្ឋានឱ្យកាន់តែប្រសើរ។

ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Sardar Umar Alam នាយកអង្គការយូណេស្កូបចាំកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅការលើកកម្ពស់ ការអភិវឌ្ឍទេសចរណ៍ និងការអភិរក្សវប្បធម៌នៅកម្ពុជា ប្រកបដោយ
ចីរភាពកាលពីថ្ងៃទី​៤ខែតុលា ឆ្នាំ ២០២៣។  នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួប។

នាឱកាសនេះឯកឧត្តម សុខ សូកេន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Sardar Umar Alam ដែលបានខិតខំក្នុងការលើកស្ទួយការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ជាពិសេស ការសម្រេចបាននូវជោគជ័យក្នុងការដាក់បញ្ចូលតំបន់ប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីៗនេះ។

ចំណែកលោក Sardar Umar Alam បានសម្តែងនូវការកោតសរសើរចំពោះកេរដំណែល ស្នាដៃរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីសម្ដេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចការពារ និងអភិរក្សសម្បត្តិវប្បធម៌កម្ពុជានាពេលកន្លងមក ដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការងារអភិរក្សសម្បត្តិវប្បធម៌របស់កម្ពុជា រហូតមកដល់បច្ចុប្បន្ន។
លោក Sardar ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាង ក្រសួងទេសចរណ៍ និងអង្គការយូណេស្កូ ក្នុងការរួមដៃគ្នាអភិរក្ស និងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយ ចីរភាព។ លោក Sardar Umar Alam ក៏បានលើកឡើងនូវគម្រោងជាច្រើនដែលទាក់ទងនឹងវិស័យ ទេសចរណ៍ ពិសេសស្នើសុំការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការសហការសិក្សាលទ្ធភាពដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិផ្សេងទៀតរបស់កម្ពុជា ចូលក្នុងបញ្ជីរបស់អង្គការយូណេស្កូ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសទេសចរណ៍​ បញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាលើគំនិតផ្តួចផ្ដើមនានាក្នុងការ ជំរុញការអភិរក្ស និងអភិវឌ្ឍទេសចរណ៍កម្ពុជា ដែលជាចលករក្នុងការលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

បន្ថែមពីនេះ ភាគីទាំងពី ក៏បានសម្តែងនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើ
វិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌ បន្ថែមទៀត តាមរយៈការអនុវត្តរួមនូវគម្រោងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងការអភិរក្សវប្បធម៌៕

ដោយ៖ សុខ រក្សា

ads banner