ក្រសួងអប់រំ និងអង្គការរូមធូរីដ ប្តេជ្ញាពង្រីកការលើកម្ពស់វិស័យអំណាននៅកម្ពុជាបន្ថែមទៀត
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការរូមធូរីដសកលលោក(Room to Read) បានចាត់ទុកថា អំណានគឺជាមូលដ្ឋានគ្រឹះក្នុងការបរិវត្តកម្មវិស័យអប់រំក្នុងបរិបទប្រទេសកម្ពុជា។ភាគីទាំងពីរ ក៏បានប្តេជ្ញាថា នឹងរួមគ្នាពង្រីកការលើកម្ពស់វិស័យអំណាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
ភាគីទាំងពីរលើកឡើងបែបនេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Michael Bowers ប្រធានកម្មវិធីនៃអង្គការរូមធូរីដសកលលោក កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងអប់រំ។
នាឱកាសនោះ លោក Micheal Bowers បានប្រគល់សៀវភៅជាខេមរៈភាសាចំនួនជាង១២ម៉ឺនក្បាលនិង សៀវភៅជាភាសាអង់គ្លេសចំនួនជាង៨៣ ម៉ឺនក្បាលដល់ក្រសួងអប់រំ ដើម្បីជំរុញកិច្ចការអំណានកម្ពុជា។ បន្ថែមពីនេះលោកជម្រាបថា៖« អង្គការរូមធូរីដសកលលោក នឹងទទួលយកនូវសំណូមពររបស់រដ្ឋមន្រ្តីក្រសួងអប់រំ ហើយអង្គការនឹងបន្តប្តេជ្ញាគាំទ្រដល់ការលើកកម្ពស់អំណាននៅកម្ពុជាថែមទៀត»។
ទន្ទឹមនឹងការលើកឡើងនេះដែរ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់អង្គការរូមធូរីដ ដែលបានជួយដល់ការលើកម្ពស់អំណានថ្នាក់ដំបូង និងគាំទ្រដល់ការគ្រប់គ្រងនិងដំណើរការបណ្ណា
ល័យនៅតាមសាលាបឋមសិក្សាគោលដៅនាពេលកន្លងមក។
ឯកឧត្តមថ្លែងថា៖«នាពេលកន្លងមក និងនៅពេលបច្ចុប្បន្ន ក្រសួងបានអភិវឌ្ឍកញ្ចប់សម្ភារអំណានថ្នាក់ដំបូង ផ្អែកតាមបទពិសោធនៃការអនុវត្តរបស់អង្គការរូមធូរីដ ហើយក្រសួងសូមស្នើឱ្យអង្គការជួយដល់ការវាយតម្លៃនៃការអនុវត្តកញ្ចប់សម្ភារអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូថែមទៀត»។
ជុំវិញរឿងនេះលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា នៅថ្ងៃទី៦ ខែតុលា បានថ្លែងថា កន្លងមក អង្គការរូមធូរីដ បានចំណាយថវិកា លះបង់ពេលវេលា និងមានវិធីសាស្រ្តជាច្រើន ដើម្បីជំរុញការអប់រំផ្នែកអំណាននៅកម្ពុជា ហើយលោកសាទរចំពោះការបន្តកិច្ចសហការគ្នាទ្វេភាគីបន្តទៀត។
លោកបន្តថា៖« បច្ចុប្បន្នវិស័យអំណាននៅកម្ពុជា គឺមិនអន់ទេ គឺវាបានដំណើរការជាបណ្តើរៗហើយ ដោយសារតែក្រសួងអប់រំ អង្គការដៃគូរ និងស្ថាប័នអប់រំនានា បានយកចិត្តទុកដាក់ច្រើនលើវិស័យនេះ។ ប៉ុន្តែទោះជាបែបនេះក្តី ខ្ញុំនៅតែទទូចឱ្យបន្តពង្រឹងបន្ថែម ពិសេសជួយទៅដល់សិស្សដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាល់ នៅទីជនបទ ដែលជួបការលំបាក ដើម្បីពង្រីកចំណេះដឹង និងសមត្ថភាពឱ្យពួកគេ ឱ្យបានយល់ដឹងពីវិស័យអំណានឱ្យកាន់តែទូលាយ»។
បើតាមក្រសួងអប់រំ គិតចាប់តាំងពីឆ្នាំ២០១៨មក អង្គការរូមធូរីដ បានចូលរួមជាមួយក្រសួងអប់រំ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីអំណាន និងកម្មវិធីអប់រំកុមារី ដោយបានចំណាយថវិការប្រមាណជិត២០លានដុល្លារសហរដ្ឋអាមរិក។
នៅក្នុងទិវាជាតិអំណាន លើកទី៨ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ក្រសួងអប់រំ បានបញ្ជាក់ថា នៅទូទាំងពិភពលោកកុមារទៅរៀននៅសាលា គឺមិនចេះអានអក្សរ និងមិនចេះសរសេរបានត្រឹមត្រូវ មានប្រមាណជា ៣០ទៅ៤០ភាគរយដែលធ្វើឱ្យប៉ះពាល់គុណភាពអប់រំ នេះមានន័យថា មិនមែនត្រឹមតែនៅកម្ពុជាទេ គឺប្រមាណជា ៥០០លាននាក់ ក្នុងពិភពលោកសិស្សដែលទៅរៀននៅសាលាហើយមិនចេះអាន និងសរសេរស្ទាត់ជំនាញ៕
អត្ថបទ៖ បូរ ពេជ្រហ្សាលីន