កម្ពុជា និងអង់គ្លេស នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន
ភ្នំពេញ៖កម្ពុជាប្រកាសស្វាគមន៍ក្នុងការបន្តបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA)នៃចក្រភពអង់គ្លេស ក្នុងគោលបំណងថែរក្សាសន្តិសុខ ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ផងដែរ។
ការសម្តែងរីករាយស្វាគមន៍របស់ភាគីកម្ពុជា ធ្វើឡើងតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតទទួលជួប លោក PETER VERNON មន្រ្តីទំនាក់ទំនងរបស់ទីភ្នាក់ជាតិ នៃចក្រភពអង់គ្លេស ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ប្រចាំវៀតណាម កម្ពុជា ឡាវ និងព្រុយណេ និងលោក MARC THAYRE អនុប្រធានបេសកកម្ម នៃស្ថានទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី កាលពីថ្ងៃទី៥ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពបញ្ជាក់ថា ក្នុងឱកាសនេះលោក PETER VERNON បានសម្តែងនូវការចូលរួមអបអរសាទរចំពោះឯកឧត្តមនាយឧត្តម ស ថេត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា អគ្គស្នងការនគរបាលជាតិ និងបានស្នើសុំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ជាមួយនគរបាលជាតិកម្ពុជា ដែលមានពីមុនមកតាមរយៈយន្តការដែលមានស្រាប់។
ជាមួយគ្នានោះ លោក MARC THAYRE ក៏បានលើកឡើងពីការផ្តល់ជូននូវការបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា ពាក់ព័ន្ធភាសាអង់គ្លេស ក៏ដូចជាមុខជំនាញបច្ចេកវិទ្យា និងការប្រយុទ្ធប្រឆាំងបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ លោកក៏បានថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ចំពោះកិច្ចអន្តរាគមន៍ជួយដល់ពលរដ្ឋអង់គ្លេសរស់នៅកម្ពុជានៅពេលជួបបញ្ហាផងដែរ។
ជាការឆ្លើយតបឯកឧត្តម ស ថេត បានមានប្រសាសន៍គាំទ្រ និងរីករាយស្វាគមន៍ក្នុងការបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មមានការចាត់តាំង(NCA) ក្នុងគោលបំណងថែរក្សាសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់៕
ដោយ៖ សុខ រក្សា