នាយករដ្ឋមន្ត្រីនូវែលសេឡង់ត្រឡប់ចូលរួមយុទ្ធនាការឃោសនាវិញបន្ទាប់ពីជាសះ​ស្បើយពី​ជំងឺកូវីដ​១៩

វែលីងតោន៖ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Chris Hipkins នៅថ្ងៃសុក្រ បាននិយាយថា លោកនឹងអាច​ត្រ​ឡប់​​មក​ចូលរួមនៃយុទ្ធនាការបោះឆ្នោតឡើងវិញ បន្ទាប់ពីលោកបាន​ធ្វើតេស្តអវិជ្ជមាន​សម្រាប់ជំងឺ​កូវីដ​១៩ កាលពីព្រឹកថ្ងៃដដែលនេះ។

នូវែលសេឡង់នៅសល់តែមួយសប្តាហ៍ប៉ុណ្ណោះ ការបោះឆ្នោតសកលនឹងមកដល់ ពោលគឺនៅថ្ងៃទី ១៤ខែតុលាដោយគេរំពឹងថាគណបក្ស Labour ដែលកំពុងកាន់អំណាចទំនងជាមិនឈ្នះ។
បក្ស Labour  បាន​ប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន បូករួមទាំងបញ្ហាកាលពីថ្ងៃអាទិត្យកន្លងទៅ នៅពេលដែល​លោក Hipkins ឆ្លងជំងឺកូវីត១៩ ហើយ​ត្រូវធ្វើការពីចម្ងាយមិនពេញដៃពេញជើង។

ព្រឹកថ្ងៃសុក្រទី ៦ ខែតុលា លោកនាយករដ្ឋមន្ត្រី Hipkins បានប្រាប់ទូរទស្សន៍ TVNZ’s 1News ​ ថាលោកមានអារម្មណ៍ល្អឡើងវិញហើយ។លោក Hipkins បញ្ជាក់ថា៖ «ខ្ញុំតែងតែមើលទៅរីករាយ និងរស់រវើក ជានិច្ចទោះបីពេលខ្លះមិន​បែបនោះក្តី។ ប៉ុន្តែទោះជាយ៉ាងណា​ខ្ញុំពិតជាអន្ទះសារយ៉ាង​ខ្លាំង​ក្នុង​ការ​វិល​ត្រឡប់​មកចូលរួម​យុទ្ធនាការ​នេះឃោសនាឡើងវិញ»។

គួរជម្រាបថានៅប្រទេសនូវែលសេឡង់ រដ្ឋាភិបាលបានលុបចោលការរឹតត្បិតនៃជំងឺកូវីត១៩ នៅក្នុង​ខែ​សីហា ប៉ុន្តែ​អាជ្ញាធរសុខាភិបាល​នៅតែណែនាំឱ្យប្រជាជនស្នាក់នៅផ្ទះរយៈពេលប្រាំថ្ងៃ ប្រសិនបើមាន​អារម្មណ៍​មិនស្រួលខ្លួន ឬប្រសិនបើពួកគេធ្វើតេស្តវិជ្ជមាន៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ ប្រភព៖ https://www.straitstimes.com/asia/new-zealand-pm-returns-to-campaign-trail-after-recovering-from-covid

ads banner