តៃវ៉ាន់នឹងស៊ើបអង្កេតលើក្រុមហ៊ុនបួន ជុំវិញការជួយដំឡើងរោងចក្រផលិតបន្ទះឈីបឱ្យ ហួរវៃ នៅចិន
តៃប៉ិ៖ទីក្រុងតៃប៉ិបាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតលើក្រុមហ៊ុនតៃវ៉ាន់ផ្សេងៗដែលបានជួយក្រុមហ៊ុន ហួរវៃ(Huawei) ក្នុងការដំឡើងរោងចក្រផលិតសេម៊ីកុងឌុចទ័រ(semiconductor) ដែលអាចរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោក Wang Mei-hua បានយល់ព្រមកាលពីថ្ងៃពុធ ក្នុងការចាប់ផ្តើមការស៊ើបអង្កេតទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៤ ដែលសហការជាមួយក្រុមហ៊ុន Huawei លើការសាងសង់រោងចក្រផលិតបន្ទះឈីប។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនតៃវ៉ាន់ទាំងបួនកំពុងជួយក្រុមហ៊ុន Huawei បង្កើតបណ្តាញរោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសចិន ដោយមិនឱ្យគេចាប់បាន។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុន Topco Scientific ក្រុមហ៊ុន L&K Engineering ក្រុមហ៊ុន United Integrated Services និងក្រុមហ៊ុន Cica-Huntek Chemical Technology Taiwan។
លោក Wang បានប្រាប់សមាជិកសភាថា ក្រុមហ៊ុនទាំងបួន បានជួយក្រុមហ៊ុន Huawei ដំឡើងនូវ «ឧបករណ៍ការពារសំណល់ទឹក និងបរិស្ថាន» សម្រាប់រោងចក្ររបស់ក្រុមហ៊ុន ប៉ុន្តែមិនប្រើបច្ចេកវិទ្យារសើបដែលអាចប៉ះពាល់ដល់សន្តិសុខជាតិនោះទេ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឈានមុខគេនៅលើបច្ចេកវិទ្យា 5G គឺជាបញ្ហាស្នូលនៃការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ដែលកាន់តែតានតឹងឡើងៗលើបញ្ហាបច្ចេកវិទ្យាទំនើបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរឹតត្បឹតក្រុមហ៊ុននេះពីការនាំចូលផលិតផលទៅកាន់ទីផ្សារធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ រួមទាំងបន្ទះឈីប ដោយសារការភ័យខ្លាចថា ផលិតផលរបស់ក្រុមហ៊ុននេះអាចអនុញ្ញាតឱ្យចិនធ្វើចារកម្មលើបណ្តាញរបស់ពួកគេ។
តៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន និងចងសម្ព័ន្ធភាពជាមួយអាមេរិកឯណោះវិញ គឺជាកោះមហាអំណាចខាងការរចនា និងផលិតគ្រឿងអេឡិចត្រូនិក ដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចពិភពលោកទំនើប។ ទោះបីជាមានការបង្កើនសម្ពាធការទូត និងយោធាពីចិនលើកោះនេះក៏ដោយ ក៏ឧស្សាហកម្មបច្ចេកវិទ្យារបស់តៃវ៉ាន់ ត្រូវតែដើរលើខ្សែបន្ទាត់ដោយប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខឹងសម្បារពីទីក្រុងប៉េកាំង និងការរំលោភលើការគ្រប់គ្រងការនាំចេញណាមួយ៕
ប្រែសម្រួល៖ ហួន ឌីណា ប្រភព៖ https://www.channelnewsasia.com/asia/taiwan-investigate-huawei-us-sanctions-china-tech-semiconductor-chips-3823241