ទេសរដ្ឋមន្រ្តី ព្រុំ សុខា ចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនី៤នាក់ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបាភ្នំ
(បាភ្នំ-ព្រៃវែង)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ និងសហការី កាលពីពេលថ្មីៗនេះ បានចុះជួបដោយផ្ទាល់តាមខ្នងផ្ទះប្រជាជនដើម្បីចូលរួមរំលែកទុក្ខគ្រួសារសពកម្មការិនី ៤នាក់ នៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដឹកកម្មករ នៅក្នុងភូមិសាស្រ្តឃុំធាយ កាលពីយប់ថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារបានសម្តែងនូវទឹកចិត្តក្តុកក្តួល សោកស្តាយចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសពកម្មការិនីទាំង៤នាក់ចំពោះការបាត់បង់សមាជិក គ្រួសារជាទីស្រឡាញ់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលនឹកស្មានមិនដល់នេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បាននាំយកអំណោយជាទ័យវត្ថុ សម្ភារៈប្រើប្រាស់ ស្បៀង និងថវិកាចំនួន១លាន៦សែនរៀលផ្តល់ជូនគ្រួសារសពនិមួយៗដែលជួបការលំបាកក្នុងជីវភាពស្រាប់។ ចំពោះបងប្អូនកម្មការិនីរងរបួសស្រាល៥នាក់ផ្សេងទៀតបានទទួលការឧបត្ថម្ភប្រាក់៣០ម៉ឺនរៀលក្នុងម្នាក់ៗពីក្រុមការងារថ្នាក់ស្រុកផងដែរ ។
បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី និងក្រុមការងារក៏បានចុះទៅពិនិត្យទីតាំងកើតហេតុផ្ទាល់ដោយបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរសមត្ថកិច្ចជំនាញខាងលើត្រូវពិនិត្យស្រាវជ្រាវចាត់វិធានការជាក់ស្តែងដាក់ផ្លាក សញ្ញា ដើម្បីបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរបែបនេះបន្តទៀត។
កម្មការិនីទាំង៤នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់មានឈ្មោះ ហាយ រតនា អាយុ៣៥ឆ្នាំ ឈ្មោះសៀត សាម៉ៃ អាយុ៣២ឆ្នាំ ឈ្មោះ ហ៊ុន ស្រីណាត់ អាយុ២២ឆ្នាំ និងឈ្មោះម៉ើ អី អាយុ ២៦ឆ្នាំ។ អ្នកទាំង៤នាក់ជាកម្មការិនីធ្វើការនៅរោងចក្រជីផ្កាយ៥ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅមុនថ្ងៃដែលកើតហេតុក្រុមកម្មការិនី៩នាក់បានស្រាក់គ្នាជួលរថយន្តមួយគ្រឿង ដើម្បីជិះទៅចូលរួមពិធីមង្គលការរបស់មិត្តភក្តិរួមការងារ នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះពេលត្រឡប់មកវិញនៅតាមផ្លូវក្នុងពេលយប់ងងឹតនិងមានភ្លៀងធំរថយន្តបើកខុសផ្លូវក្រឡាប់ធ្លាក់ចូលប្រឡាយទឹកយ៉ាងជ្រៅ បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសស្រាល ៕
ដោយ ង៉ាន់ ទិត្យ