គ.ជ.អ.ប ប្រជុំពិភាក្សាសេចក្តីព្រាងផែនការឆ្នាំ២០២៤ ដើម្បីលើកកម្ពស់អភិបាលកិច្ច ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន
ភ្នំពេញ៖គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំនិងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ ដើម្បីសម្របសម្រួលការងារកែទម្រង់រដ្ឋាភិបាល សំដៅលើកកម្ពស់អភិបាលកិច្ច ពង្រឹងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍតាមមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
កិច្ចប្រជុំនិងពិភាក្សានេះរបស់គ.ជ.អ.ប នេះ ធ្វើឡើងកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតិភាពឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ពព័ន្ធអភិបាលរងរាជធានី-ខេត្ត ព្រមទាំងមន្ត្រីបច្ចេកទេសរបស់រដ្ឋបាលរាជធានី-ខេត្ត។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ចាន់ សុធា លើកឡើងថា សេចក្តីព្រាងផែនការសកម្មភាព និងថវិកា សម្រាប់ឆ្នាំក្រោយមានសារៈសំខាន់ណាស់ ជាចក្ខុវិស័យសម្រាប់ដឹកនាំកំណែទម្រង់ និងគាំទ្រសកម្មភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងន័យលើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ហើយផ្នែកពាក់ព័ន្ធត្រូវចូលរួមផ្តល់យោបល់ជាធាតុចូលសំខាន់ឱ្យផែនការនេះកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ លោក ឈុន ប៊ុនណារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី នៃលេខាធិការដ្ឋាន គ.ជ.អ.ប លើកឡើងថា ផែនការនេះ មានចក្ខុវិស័យបម្រើពលរដ្ឋផ្នែកសេវាសាធារណៈ និងផលប្រយោជន៍អភិវឌ្ឍមូលដ្ឋាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ខាងមុខ។
លោកបន្តថា៖«ផែនការនេះ ជាទិសដៅលើកកម្ពស់ការផ្តល់សេវា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលម្អនូវដំណើរការផ្តល់សេវា និងគុណភាពសេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»។
លោកបន្ថែមថា សេចក្តីព្រាងនេះមានគោលដៅសំខាន់ក្នុងការពង្រឹងរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិឱ្យកាន់តែទំនើប ស្វយភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីអាចឆ្លើយតបនឹងតម្រូវការអាទិភាពរបស់ពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ការត្រួតពិនិត្យរបស់ក្រុមប្រឹក្សា។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ឺន សម អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា សាទរចំពោះការបង្ហាញការតាំងចិត្តខ្ពស់របស់ គ.ជ.អ.ប ក្នុងការលើកកម្ពស់សេវាសាធារណៈ និងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ដែលជារឿងសំខាន់មិនអាចខ្វះបាន។
លោកមើលឃើញពីចំណុចល្អប្រសើរច្រើនដែលគណៈកម្មាធិការជាតិនេះសម្រេចបាន ក៏ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនដូចជា ភាពយឺតយ៉ាវក្នុងការផ្តល់សេវា និងកង្វះខាតជំនាញបច្ចេកទេសរបស់
មន្ត្រីនៅតាមមូលដ្ឋាន តួយ៉ាងនៅតាមមណ្ឌលសុខភាព សាលាឃុំ សាលាស្រុក ជាដើម ដែលប្រជាពលរដ្ឋតែងមានការត្អូញត្អែរជារឿយៗ
លោក ស៊ឺន សម បន្ថែមថា រដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធត្រូវធ្វើយ៉ាងណា កែប្រែឥរិយាបថអវិជ្ជមានរបស់មន្ត្រីតាមមូលដ្ឋាន ជាពិសេសបញ្ហាអំពើពុករលួយ ដើម្បីឱ្យការបំពេញសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ដែលអាចធ្វើឱ្យពលរដ្ឋមានជំនឿលើរដ្ឋាភិបាល លើមន្ត្រីរាជការ បង្កើនប្រជាប្រិយភាពដល់រដ្ឋាភិបាលថ្មីផង៕
ដោយ៖ សំបាន ច័ន្ទដារ៉ា