ប្រជាពលរដ្ឋ ក្នុងក្រុង និងតំបន់ជាយក្រុងសៀម មានទឹកស្អាត ប្រើប្រាស់គ្រប់គ្រាន់ ក្រោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» ដាក់ឲ្យដំណើរការ

(សៀមរាប)៖ ក្រោយពីរោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» ត្រូវបានសាងសង់រួចរាល់ ក្រោមឥណទានពីរដ្ឋាភិបាលជប៉ុន ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប និងតំបន់ជាយក្រុងជាង ២ម៉ឺន២ពាន់គ្រួសារ បានទទួលទឹកស្អាតប្រើប្រាស់ប្រកបដោយស្តង់ដារ និងសុវត្ថិភាព។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» មានសមត្ថភាព ផលិតទឹកស្អាតប្រើប្រាស់បានប្រមាណ ៦ម៉ឺនម៉ែត្រគីប នៅក្នុងមួយថ្ងៃ។
ក្នុងដំណើរទស្សនកិច្ចស្វែងយល់ គម្រោងផលិតទឹកស្អាតជ្រាវ ក្នុងខេត្តសៀមរាប នៅថ្ងៃទី០៤ ខែតុលា ឯកឧត្តម ចាន់ សេងឡា អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប បានឲ្យដឹងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត «ជ្រាវ» បាននឹងកំពុងផ្គត់ផ្គង់ទឹកស្អាតប្រកបដោយ ស្តង់ដារខ្ពស់សម្រាប់ប្រជាពលរដ្ឋ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ជាង ២០ម៉ឺននាក់ នៅក្នុងទីក្រុងសៀមរាប ដូចជានៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់អភិវឌ្ឍពាក់ស្នែង ។

ឯកឧត្តម ចាន់ សេងឡា បន្តថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តសៀមរាប បានបង្កើនការផលិតពី ៣ម៉ឺនម៉ែត្រគុប ដល់៩ម៉ឺនមែត្រគុប ក្នុងមួយថ្ងៃ ជាមួយនឹងការតបណ្តាញប្រព័ន្ធបង្ហូរទឹក ពី ២៤០គីឡូម៉ែត្រ ដល់ទៅ ៥៣១គីឡូម៉ែត្រ ដោយគ្របដណ្តប់តំបន់កើនឡើងពី៣៥ ភាគរយ ដល់ ៥៩ភាគរយ ។
សូមជម្រាបថា នេះជាគម្រោងទី៣ហើយ ដែលរដ្ឋាភិបាលជប៉ុន បានជួយក្នុងការអភិវឌ្ឍរោងចក្រប្រព្រឹត្តកម្មទឹកស្អាត សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ជាក់ស្តែងគម្រោងរោងចក្រផលិតទឹកស្អាត «ជ្រាវ» បានចាប់ផ្តើមការសាងសង់នៅខែមេសា ឆ្នាំ២០១៩ និងបានបញ្ចប់ជាស្ថាពរ ក្នុងខែឧសភា ឆ្នាំ២០២៣ ដោយចំណាយថវិកាអស់ជាង ២ពាន់លានយ៉េនឬ ប្រហែល ១៣លានដុល្លារ អាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុន ។ តាមការព្យាករណ៍របស់រដ្ឋាករទឹកស្វយ័តសៀមរាប តម្រូវការនៃការប្រើប្រាស់ទឹកស្អាត នឹងមានការកើនឡើងដល់ ៧៣ពាន់ម៉ែត្រគុប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៦ ហើយនឹងបន្តកើនឡើង ៨៣ពាន់ម៉ែត្រគុប ក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ។

រដ្ឋាករទឹកស្វយ័តសៀមរាប ក៏គ្រោងពង្រីកបណ្តាញចែកចាយ រហូតដល់ ៨២០គីឡូម៉ែត្របន្ថែមទៀត ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ។ តែយ៉ាងណានៅក្រោយឆ្នាំ២០៣០ ក្រុងសៀមរាបត្រូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការនៃការកើនឡើងរបស់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ដែរថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាត«ជ្រាវ» ត្រូវបានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣កន្លងទៅ ក្រោមអធីបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប និងវត្តមាន ឯកឧត្តមអ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ៕

អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner