លោក ខេស៊ី បាណេត៖ បន្តដាក់ក្តីសង្ឃឹម លើកីឡាឆ្នើមៗកីឡាចំបាប់ កម្ពុជា ក្នុងកីឡាអាស៊ី ពីរថ្ងៃចុងក្រោយ
ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុងហាន់ចូវ សាធារណរដ្ឋ ប្រជាមានិតចិន ឆ្នាំ២០២៣ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ កីឡាការិនីចំបាប់កម្ពុជាចំនួនបីនាក់ បានប្រកួតចាញ់ ខណៈអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ខេស៊ី បាណេត នៅតែដាក់ក្តីសង្ឃឹមថា កីឡាករ កីឡាការិនីចំបាប់កម្ពុជា នឹងអាចធ្វើ បានល្អ នៅក្នុងការប្រកួតពីរថ្ងៃចុងក្រោយ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ។
លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា មានប្រសាសន៍ពី សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសលោកដឹកនាំក្រុមអត្ត ពលិកចំបាប់កម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលានេះថា ៖«កម្ពុជា មិន បាន ឈ្នះ មេដាយ ណាមួយ ក្នុង ព្រឹត្តិការណ៍ Asian Games។ យើង មាន សង្ឃឹម ចុង ក្រោយ មួយ ក្នុង ការ ប្រកួត ចំបាប់។ យើង មាន ម្ចាស់ មេដាយ មាស ស៊ីហ្គេម ២០២៣ ចំនួន៣ រូប ដែលត្រូវ ប្រកួត ថ្ងៃ ទី០៦ ខែតុលានេះ និង នៅថ្ងៃ០៧ ខែតុលា ឆ្នាំ២០២៣»។
អត្តពលិកឆ្នើមៗ៣នាក់ ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០២៣ ដែលត្រូវប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅថ្ងៃទី០៦ ខែតុលានេះ គឺកីឡាករ ហេង វុទ្ធី ប្រកួត ក្នុង ទម្ងន់ ៨៦គីឡូក្រាម វេលាម៉ោង ១១:៣០ (ត្រូវនឹងម៉ោង ១០:៣០ ព្រឹក ម៉ោងកម្ពុជា) ហេង វុទ្ធី ត្រូវប៉ះជាមួយកីឡារកម៉ុងហ្គោលី។ សម្រាប់ការប្រកួតនៅថ្ងៃស្អែកទី៧ ខែតុលា គឺកីឡាករ ស៊ូ បាលី ប្រកួតក្នុងទម្ងន់ ១២៥ គីឡូក្រាម និង ម៉ូ សារី ប្រកួតក្នុងទម្ងន់ ៩៧ គីឡូក្រាម។
គួរបញ្ជាក់ថា ប្រភេទកីឡាចំបាប់កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនីសរុប១៧នាក់ ក្នុងនោះ កីឡាករ៩នាក់ និងកីឡាការិនី៥នាក់ ដោយប្រកួតលើវិញ្ញាសាសរុបចំនួន១៤។ ចំបាប់កម្ពុជាបានបញ្ចប់៣វិញ្ញាសា កាលពីថ្ងៃទី៥ ខែតុលា ម្សិលមិញ រួមមាន ៖វិញ្ញាសាចំបាប់សេរី ៥០គីឡូក្រាម ដោយកីឡាការិនី ឌិត សំណាងជាមួយកីឡាការិនីជប៉ុន YOSHIMOTO Remina, វិញ្ញាសាចំបាប់សេរី ៥៣គីឡូក្រាម ដោយកីឡាការិនី សម្បត្តិ វណ្ណ: និងវិញ្ញាសាចំបាប់សេរី ៥៧គីឡក្រាម ដោយកីឡាការិនី ជឿន ស្រីឡែន ប្រកួតជាមួយកីឡាការិនីម្ចាស់ផ្ទះចិន HONG Kexin ដោយកីឡាការិនីកម្ពុជាទាំង៣រូបចាញ់ដូចៗគ្នា៕ អត្ថបទ ចាន់ វិចិត្រ (រូបភាព យឹម សុវឌ្ឍនា និងខឹម សុវណ្ណារ៉ា ពីប្រទេសចិន )