កត្តាសុខសន្តិភាព ផ្ដល់ឱកាសឱ្យយើងបានធ្វើបុណ្យ ធ្វើទានតាម ជំនឿសាសនា
ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយគណៈ កម្មា ធិការគណបក្សកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើក ឡើងថា កត្តាសុខសន្តិភាព ផ្ដល់ឱកាសឱ្យយើង បានធ្វើបុណ្យធ្វើទានទៅតាម ជំនឿប្រពៃណីសាសនា ។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ដូច្នេះក្នុងឱកាសចូលរួម បុណ្យកាន់បិណ្ឌវេនទី៧ ជាមួយលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ និងលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ព្រម ទាំងពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តបុទមវត្តីរតនារាម នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍បញ្ជាក់ថា ដោយសារ ប្រទេសជាតិមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជាតាមជំនឿសាសនា។ សុខសន្តិភាព ដែលកើតមានក្នុងប្រទេសកម្ពុជាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត។ មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរក ស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ ពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដែលនេះជាពេលវេលាមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិ បងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាមនានា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត