ឥណ្ឌា​៖មនុស្ស​ជាង​១០​នាក់ស្លាប់​និងជាង​១០០នាក់​បាត់​ខ្លួន​​ ​ដោយ​សារ​ការ​បាក់​បឹង​ទឹក​កក​នៅ​តំបន់ភ្នំ​​ហិមាល័យ​

ញូវដែលី៖ មនុស្ស​យ៉ាង​ហោច​ណាស់​ ១៤ នាក់​បាន​ស្លាប់​ និង​១០២ នាក់ទៀតបានបន្ត​បាត់​ខ្លួន​ ​ដោយ​សារ​តែ​ការ​​បាក់​ទំបន់​​បឹង​ទឹក​កក​​​នៅ​តំបន់​ភ្នំហិមាល័យ​នា​ភាគ​ឦសាន​​​នៃ​​ប្រទេស​ឥណ្ឌា​ ដែល​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោក​ជាំ​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​បឹង​ Lhonak ​ក្នុង​រដ្ឋ​ Sikkim ​បាន​បាក់​ច្រាំង​កាល​ពី​ថ្ងៃ​ពុធ​ បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​ភ្លាម​ៗ​ដ៏​ធំ​ ដែល​អាជ្ញាធរ​​មូលដ្ឋាន​ឥណ្ឌា​បាន​និយាយ​ថា​ បាន​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ជាង​ ២២ ០០០ នាក់​។
គេ​មើល​ឃើញ​ថា​ វា​​គឺ​ជា​ព្រឹត្តិការណ៍​​ធាតុ​អាកាស​​ដ៏​សាហាវ​ចុង​ក្រោយ​បង្អស់​នៅ​តំបន់​ភ្នំ​នៃ​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ​ ​ដែល​គេ​ផ្សារ​ភ្ជាប់​ទៅ​នឹង​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​បាន​និយាយ​ថា​​៖ «​ប្រតិបត្តិការ​ស្វែង​រក​ជន​រង​គ្រោះ​កំពុង​​អនុវត្ត​ទៅ​ខណៈ​​​​​ភ្លៀង​ធ្លាក់​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ​ ហើយ​ទឹក​​ទន្លេ​ Teesta​ ហូរ​​​ចាក់​យ៉ាង​លឿន​ ស្រប​ពេល​​ផ្លូវ​ថ្នល់​ និង​ស្ពាន​​ជា​ច្រើន​កន្លែង​​រង​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ហូរ​អូស​»។ ​

​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋ​បាន​និយាយ​ថា​ មនុស្ស ​២៦​ នាក់​បាន​រង​របួស​ និង​ ១០២​ នាក់​កំពុង​បាត់​ខ្លួន​ ក្នុង​នោះ​មាន​ ២២ នាក់​ ជា​កង​កម្លាំង​យោធា​។​ ស្ពាន​​ចំនួន​​១១​កន្លែង​ ​ត្រូវ​​បាន​​ទឹក​​ជន់​​លិច​។​

ខ្សែ​វីដេអូ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ ANI ​បាន​បង្ហាញ​ពី​ទឹក​ជន់​លិច​ចូល​ទៅ​ក្នុង​តំបន់​សាង​សង់​ ដែល​ផ្ទះ​ជា​ច្រើន​បាន​ដួល​រលំ​ ​​មូល​ដ្ឋាន​​ទ័​ព​​ និង​កន្លែង​ផ្សេង​ទៀត​រង​ការ​​ខូច​ខាត​ ​ហើយ​យានយន្ត​ផ្សេង​ៗ​អណ្ដែត​ទឹក​។ ​បើ​តាម​រូប​ភាព​ពី​ផ្កាយ​រណប​ ​​​ជិត​២/៣​នៃផ្ទៃ​​​​បឹង​ដែល​បាក់​ ត្រូវ​បាន​រីង​។ ​

ចំណែក​ឯ​នាយកដ្ឋាន​ឧតុ​និយម​ឥណ្ឌា​វិញ​ បាន​ព្រមាន​អំពី​ការ​រអិល​បាក់​ដី​ និង​ការ​រំខាន​ដល់​ជើ​ង​ហោះ​ហើរ​ ខណៈ​​ភ្លៀង​នឹង​បន្ត​​ធ្លាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​​២​ថ្ងៃខាងមុខ ​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃ​រដ្ឋ​ Sikkim ​និង​រដ្ឋ​ជិត​ខាង​ផ្សេង​ៗ​។ ​​

គួរ​រំឭក​ថា​ របាយការណ៍​ឆ្នាំ​ ២០២០​ របស់​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយជាតិ​របស់​ប្រទេស​ឥណ្ឌា​ បាន​និយាយ​ថា​ បឹង​ទឹក​​កក​ជា​ច្រើន​​កំពុង​រីក​​ផ្ទៃ​​ និង​បង្ក​ហានិភ័យ​ដ៏​ធំ​ធេង​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ជីវិត​នៅ​ខាង​ក្រោម​បឹង​ ​ខណៈ​ផ្ទាំង​ទឹក​ក​ក​នៅ​តំបន់​ហិមាល័យ​​​ស្ថិត​ក្នុង​ដំណាក់​កាល​​ថម​ថយ​ ​​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​៕

ប្រែសម្រួលដោយ៖ ហួន ឌីណា

ប្រភព​៖ Himalayan glacial lake flooding kills 14, more than 100 missing in India

ads banner