អង្គការAIESEC គ្រោងនឹងរៀបចំវេទិកាយុវជនទៅរកអាជីវកម្មនាចុងខែតុលានេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការ AIESEC បានប្រកាសពីការប្រារព្ធពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា «វេទិកាយុវជនទៅរកអាជីវកម្ម» ឬ «Youth To Business Cambodia Forum» ដែលមានគោលបំណងផ្តល់ឱកាកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍ ចំណេះដឹង ជំនាញ និងបណ្តាញដ៏មានតម្លៃផ្សេងៗ។

AIESEC នៅកម្ពុជា ជាអង្គការមួយដែលមិនរកប្រាក់ចំណេញ ដោយផ្តល់ជូនសង្គម និងយុវជននូវសកម្មភាព និងគម្រោងនានា ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល ជាមួយនឹងគោលបំណងសន្តិភាព និងការបំពេញសក្តានុពលរបស់មនុស្សជាតិ។

បើតាមការចេញផ្សាយរបស់គេហទំព័ររបស់អង្គការ AIESECបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ខណៈព្រឹត្តការណ៍នេះតែប្រារព្វឡើងជារៀងរាល់ឆ្នាំ និងទើបតែខកខាននៅអំឡុងពេលមានការរីករាលដាក់ខ្លាំងនៃជំងឺកូវីដ១៩នេះ។

គេហទំព័រ AIESEC បញ្ជាក់ថា ៖ «Youth to Business នឹងដាក់ជូននូវសិក្ខាសាលាបន្តបបន្ទាប់គ្នា ដែលមានដូចជា ការពិភាក្សាពីក្រុមអ្នកជំនាញនិងសកម្មភាពចូលរួម ដែលត្រូវបានរចនាឡើងដើម្បីបំផុស និងផ្តល់ការយល់ដឹងបន្ថែមដល់សហគ្រិនវ័យក្មេង។ គោលបំណងរបស់ AIESEC គឺផ្តល់ជូនសហគ្រិនវ័យក្មេងនូវឧបករណ៍ ចំណេះដឹង និងការតភ្ជាប់ដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងដំណើរសហគ្រិនភាព»។

ជាមួយគ្នានោះដែរ ក្នុងអំឡុងពេលសិក្ខាសាលា អ្នកចូលរួមនឹងមានឱកាសសិក្សារៀនសូត្រពីសហគ្រិនដែលមានបទពិសោធន៍ និងអ្នកជំនាញក្នុងឧស្សាហកម្មដែលនឹងចែករំលែកការយល់ដឹង យុទ្ធសាស្ត្រ និងដំបូន្មានជាក់ស្តែងលើទិដ្ឋភាពផ្សេងៗនៃភាពជាសហគ្រិន។

ប្រភពដដែលបន្តថា ប្រធានបទនេះនឹងរួមបញ្ចូលការធ្វើផែនការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីលើវគ្គអប់រំ Youth to Business នឹងផ្តល់នូវឱកាសបណ្តាញដ៏ធំទូលាយ ក៏ដូចជា កម្មវិធីប្រកួតប្រជែងផងដែរ។ វាទិកានេះ នឹងបើកឱកាសទូលាយដល់សហគ្រិនវ័យក្មេង សិស្ស និស្សិត អ្នកអប់រំ និងបុគ្គលទាំងអស់ដែលចាប់អារម្មណ៍ ក្នុងការគាំទ្រទៅលើសហគ្រិនភាពវ័យក្មេង។

បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វេទិកានេះ នឹងក្លាយជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការសិក្សា រីកចម្រើន និងបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នា និងអ្នកជំនាញមកពីគ្រប់វិស័យ។

លោកបានបញ្ជាក់ថា ៖ «យុវជនគ្រប់រូបគួរតែចូលរួមក្នុងព្រឹត្តិការណ៍ ព្រោះវាឱកាសមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសហគ្រិនវ័យក្មេង អ្នកណែនាំសក្តានុពល និងអ្នកជំនាញក្នុងឧស្សាហកម្ម ជំរុញទំនាក់ទំនងដ៏សំខាន់ៗជាមួយបុគ្គលដែលមានសក្តានុពល រួមទាំងការបញ្ជ្រៀបខ្លួនចូលក្នុងការប្រកួតគំនិតអាជីវកម្មផងដែរ»។

លោក ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកបានជំរុញឱ្យយុវជនចូលរួមកម្មវិធីឱ្យច្រើន ដោយលោកយល់ឃើញថា ជាកម្មវិធីល្អមួយ ដែលបណ្តុះគំនិតសហគ្រិនភាព ឱ្យយុវជនកម្ពុជា ក្នុងគំរូអាជីវកម្មថ្មីៗ។

លោកបានប្រាប់បែបនេះថា ៖ «យើងកុំគ្រាន់តែថា ឬនិយាយ ពីភាពជោគជ័យលើអាជីវកម្មនេះ អាជីវកម្មនោះ ដែលមានស្រាប់ គួរតែផ្តោតទៅលើគំនិតច្នៃប្រឌិតនវានុវត្តនៃអាជីវកម្មថ្មី។ ការជំរុញអភិវឌ្ឍន៍អាជីវកម្មចាស់ ឱ្យក្លាយទៅជាគំរូអាជីវកម្មថ្មីមួយ ហើយបើអាចសិក្ខាកាមគួរផ្តោតសំខាន់ទៅលើអាជីវកម្ម ឬតំណាងសហគ្រិនណា ដែលចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច»។

សូមបញ្ជាក់ថា AIESEC មានវត្តមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ១១១ ផ្សេងៗទៀត និងមានសមាជិកជាង ១00 000 នាក់ ហើយក៏ជាអង្គការដែលដឹកនាំដោយយុវជនដ៏ធំបំផុតរបស់ពិភពលោកផងដែរ ដោយផ្តោតលើការផ្តល់វេទិកាសម្រាប់ការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន AIESEC ផ្តល់ជូនយុវជនទូទាំង ពិភពលោក ដើម្បីផ្លាស់ប្តូរពិភពលោក ដើម្បីទទួលបានបទពិសោធន៍ និងជំនាញដែលមានសារៈសំខាន់នាពេលបច្ចុប្បន្ននេះ៕ ដោយ៖ វណ្ណ សុជាតា

ads banner