ភាគីពាក់ព័ន្ធមកពីខេត្តចំនួនប្រាំពិភាក្សាគ្នា ដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការអុកស្វាម និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំវេទិកាថ្នាក់តំបន់ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងតំណាងកម្មករនិយោជិតមកពីខេត្តចំនួនប្រាំដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការជម្រុញកម្ពុជាឱ្យឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។

វេទិកាថ្នាក់តំបន់នេះ ធ្វើឡើងក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» នៅខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់ ក្នុងនោះមាន ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត តំណាងក្រសួង មន្ទីរ និងរដ្ឋបាលខេត្ត មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងខេត្តស្វាយរៀង។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម បានឱ្យដឹងនៅថ្ងៃទី៨ ខែតុលាថា វេទិកាថ្នាក់តំបន់នេះ មានគោលបំណងដើម្បីពង្រីកចំណេះដឹងរបស់អាជ្ញាធរពាក់ព័ន្ធ និងតំណាងកម្មករនិយោជិត ជាមួយមន្ត្រីប.ស.ស ទាក់ទងនឹងវឌ្ឍនភាព បញ្ហាប្រឈម និងផែនការរបស់បេឡាជាតិរបបសន្តិសុខសង្គ ម។ មួយវិញទៀត ក៏មានគោលបំណងដើម្បីពង្រឹងកិច្ចសហការ និងកិច្ចសន្ទនាគោលនយោបាយជាមួយភាគីពាក់ព័ន្ធទាំងអស់ សម្រាប់តាក់តែងគោលនយោបាយរបបសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ ឆ្លើយតបយេនឌ័រ និងប្រកបដោយបរិយាបន្ន។

អង្គការអុកស្វាម បញ្ជាក់ថា វេទិកានេះ ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធពិភាក្សាគោលនយោបាយ ក្នុងន័យស្វែងយល់ពីបញ្ហាប្រឈម និងត្រិះរិះស្វែងរកដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត និងដើម្បីជម្រុញកម្ពុជាឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល។

លោកស្រី សុខ ច័នឆវី ប្រធានកម្មវិធីអង្គការអុកស្វាម បានលើកឡើងតាមរយៈសេចក្ដីប្រកាសព័ត៌មានថា បេសកកម្មរបស់អង្គការអុកស្វាម គឺដើម្បីលុបបំបាត់ភាពក្រីក្រ និងអយុត្តិធម៌។អង្គការនេះបានប្តេជ្ញាធ្វើការ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ កសិករខ្នាតតូច កម្មករធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាស្ត្រី និងអ្នកម្តាយ ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានរបបសន្តិសុខសង្គម។

លោកស្រី សុខ ច័នឆវី ថ្លែងថា ៖ «ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ព្រោះវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនានាដែលបណ្តាលពីគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកល និងទប់ស្កាត់ការធ្លាក់ចូលទៅក្នុងស្ថានភាពក្រីក្រជាដើម»។

បើតាមអង្គការអុកស្វាម កន្លងមកវេទិកាថ្នាក់តំបន់នេះ បានរៀបចំឡើងនៅខេត្តព្រះសីហនុ បន្ទាប់ពីនេះនៅក្នុងខេត្តស្វាយរៀង ហើយនឹងត្រូវរៀបចំ និងបិទបញ្ចប់នៅរាជធានីភ្នំពេញខាងមុខនេះ។

សូមបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកល គឺជាគោលដៅអាទិភាពមួយរបស់អង្គការអុកស្វាម ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម បេឡាជាតិសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម ក្នុងការពង្រីកវិសាលភាពគ្របដណ្តប់ អត្ថប្រយោជន៍ និងដើម្បីពង្រឹងបរិយាបន្ន ការឆ្លើយតបយេនឌ័រ ក៏ដូចជាគណនេយ្យភាពសង្គមនៃប្រព័ន្ធគាំពារសង្គម៕ ដោយ៖ ជា សុខនី

ads banner