រដ្ឋមន្រ្តីទេសចរណ៍៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តំណាងឱ្យបដិសណ្ឋារកិច្ចដ៏សំខាន់មួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីតំណាងឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរជាតិ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បានថ្លែងបែបនេះកាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។

ក្នុងដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះដែរឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Angkor International Airport Investment (AIAI)) ដែលបានសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ ទំនើប និងប្រកបដោយភាពទាក់ទាញ។

ឯកឧត្តមបានថ្លែងថា ៖ «អាកាសយានដ្ឋានថ្មីនេះនឹងតំណាង ឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរ និងការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត»។ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រូវតែពិចារណាដល់ ការលើកកម្ពស់ សេវាកម្មនានា ជាពិសេស សេវាកម្ម ទេសចរណ៍ ឱ្យមានកម្រិតអន្តរជាតិ មានន័យថាទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ត្រូវតែដើរទៅទន្ទឹមគ្នាដោយមិនអាចខ្វះបាន។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ផងដែរ ។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់ឱ្យដឹងនៅថ្ងៃទី៨ ខែតុលាថា ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះគឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួនពីរគឺ ទី១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងទី២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួនមួយ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។

លោកបានឱ្យដឹង ការហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដោយជោគជ័យ១០០ភាគរយ គឺ Flight Sky Angkor Airlines ចេញពីព្រលានភ្នំពេញម៉ោង ៩ព្រឹក ចុះចតដោយសុវត្ថិភាពនៅព្រលានសៀមរាបថ្មីម៉ោង ៩៖១៥នាទីព្រឹក។ ចំណែក Flight China Eastern ចេញពីព្រលាន ខេត្ត Kunming ម៉ោង៨:១៥ព្រឹក ចុះចតដោយសុវត្ថិភាពនៅព្រលានសៀមរាបថ្មីម៉ោង ៩:៣០ ព្រឹក ។ រីឯ Flight Cambodia Airways ចេញពីព្រលានខេត្តព្រះសីហនុម៉ោង៩:៣០នាទីព្រឹក ចុះចតដោយសុវត្ថិភាពនៅព្រលានសៀមរាបថ្មីម៉ោង៩:៤៥នាទីព្រឹក។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា ៖ «ចំពោះការត្រួតពិនិត្យបច្ចេកទេសវិញ ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានត្រួតពិនិត្យនៅលើប៉មបញ្ជា (Control Tower) សម្រាប់យន្តហោះចុះចតទី១ មកពីភ្នំពេញ និងយន្តហោះចុះចតទី២ មកពី Kunming »។

បើតាម លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋមន្រ្តី ម៉ៅ ហាវណ្ណាល់ បានត្រួតពិនិត្យនៅក្នុង Passenger Terminal សម្រាប់យន្តហោះចុះចតទី ៣ មកពីព្រលានខេត្តព្រះសីហនុ, ពិនិត្យកន្លែង Check-in, Immigration និងSecurity គឺដំណើរការបានជាមួយនឹងបុគ្គលិកធ្លាប់ធ្វើការនៅអាកាសយានដ្ឋានចាស់ ដែលមានបទពិសោធន៍ អាចប្រើប្រាស់ ឧបករណ៍ថ្មីក្នុងអាកាសយានដ្ឋានថ្មី ដែលបានហ្វឹកហាត់ បន្ថែមបានល្អតាមស្ដង់ដារអន្ដរជាតិ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ដែលបានចូលរួមទស្សនកិច្ចនាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នាពេលនោះដែរ ក៏បានប្រាប់ឱ្យដឹងដែរថា ទីភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍រួមមានផ្សេងទៀតរួមមានខាងសណ្ឋាគារ និងមគ្គុទេ្ទសក៍ទេសចរណ៍ ទាំងអស់មានក្ដីរំភើប និងមានមោទនភាពបំផុត។

លោកស្រីបន្តថា ពិតជាល្អខ្លាំងណាស់ នៅពេលដែលខេត្តសៀមរាបដែលជាប៉ូលទេសចរណ៍សំខាន់មួយ បានទទួលការវិនិយោគទៅលើព្រលានយន្តហោះថ្មី ដែលមានវិសាលភាពធំធេងនិងសមត្ថភាពក្នុងការទទួលយន្តហោះប្រភេទធំ និងច្រើនបានដែលនឹងអាចឈានទៅទទួលការហោះហើរពីផ្លូវឆ្ងាយត្រង់មកកម្ពុជាបាននាពេលខាងមុខ។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ៖ «នេះជាកត្តាដ៏ប្រសើរមួយជួយដល់បេសកកម្មផ្សព្វផ្សាយជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដាច់តែឯងមួយ (A Stand Alone Destination) ហើយអាកាសយានដ្ឋានថ្មីនេះនឹងក្លាយជាទ្រព្យដ៏សំខាន់មួយ សំរាប់អនាគតនៃវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕ ដោយ៖ វណ្ណ សុជាតា

ads banner