អង្គការពីរធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារី និងយុវតីនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការសេរីភាពកម្ពុជា-អូស្រ្តាលី និងអង្គការដែនដីមនុស្ស-ហូឡង់ដ៏ ប្រចាំកម្ពុជាធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារ ជាពិសេសសម្រាប់កុមារី និងយុវតីរយៈពេល មួយខែ។

យុទ្ធនានេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គម និងជំរុញការចូលរួមពីតួអង្គកុមារផ្ទាល់ ដើម្បីបញ្ឈប់ការរំលោភបំពាននៅលើប្រព័ន្ធអ៊ីនធឺណិតលើកុមារ ខណៈគេរកឃើញថា ក្មេងស្រីមួយនាក់ ក្នុងចំណោម ១០នាក់រងហានិភ័យនៃការបំពានលើប្រព័ន្ធអនឡាញ។

យោងតាមសេចក្តីប្រកាសព័ត៌មានអង្គការដែនដីមនុស្ស-ហូឡង់ដ៏ប្រចាំកម្ពុជានៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣បានឱ្យដឹងថា យុទ្ធនាការលើកកម្ពស់ការយល់ដឹង ពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញលើកុមារនៅតាមសាលារៀនរយៈពេលមួយខែនេះនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា តាមរយៈគម្រោង «សុវត្ថិភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ហៅកាត់ថា «ស្រ្កូល-SCROL» ដែលគាំទ្រថវិកាដោយក្រុមហ៊ុនឆ្នោតហូឡង់(Dutch Postcode Lottery-NPL)។

នៅថ្ងៃដំបូងនៃយុទ្ធនាការនេះ បានប្រារព្ធឡើងនៅនៅវិទ្យាល័យចំរើនផលដែលរៀបចំឡើងឡើងដោយយុវតីនាវិទ្យាល័យនេះផ្ទាល់ដែលបានជជែកក្នុងប្រធានបទ «តើប្រើប្រាស់បណ្តាញសង្គម ជាមូលហេតុនាំឱ្យមានការរំលោភបំពានកុមារឬយ៉ាងណា?ដោយមានអ្នកចូលរួមប្រមាណ៣៥០នាក់ និងវត្តមាននាយកសាលា លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស និងមន្រ្តីជំនាញជាច្រើនទៀត។

លោកស្រី Zoe De Melo ប្រធានគម្រោងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៃអង្គការដែនដីមនុស្ស- ហូឡង់ដ៏ប្រចាំកម្ពុជាថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ៖ «យើងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីកុមារដើម្បីបង្កើតឱ្យមានទម្លាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញ ជាពិសេសការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយសុវត្ថិភាព»។

លោកស្រីបន្តថា ៖ «វាមានសារៈសំខាន់ខ្លាំងណាស់សំរាប់ពួកយើង ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះ ឡើងនៅតាមសាលារៀន ដើម្បីឱ្យកុមារជាច្រើនបានយល់ដឹងពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យា បានប្រាប់ឱ្យដឹងថា យុទ្ធនាការនេះ ជារឿងល្អ ខណៈសង្គមកម្ពុជាកំពុងបើកទូលាយឱ្យមានការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសប្រព័ន្ធទំនាក់ទំនងសង្គមនានា។

លោកបន្តថា មានជនឆ្លៀតឱកាស និងជនខិលខូចមួយចំនួនកំពុងប្រើប្រាស់ដើម្បីរំលោភបំពានសិទ្ធិអ្នកដទៃ ក៏ដូចជារំលោភបំពានលើកុមារ ជាពិសេសក្រុមសិស្សានុសិស្ស ដែលក្រុមឧក្រិដ្ឋជនយកជាមុខសញ្ញាដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់ ឬយកទៅបង្កើតលាភសក្ការៈនានាក្នុងផ្លូវទុច្ចរិត។

សូមបញ្ជាក់ដែរថា អង្គការដែនដីមនុស្ស-ហូឡង់ដ៏ បានបង្កើត និងអនុវត្តគម្រោង «សុវត្ថិភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ដើម្បីចូលរួមលុបបំបាត់ការរំលោភបំពានកុមារ តាមរយៈការសហការជាមួយអង្គការដៃគូរនៅក្នុងស្រុក ហើយគម្រោងនេះកំពុងអនុវត្តនៅក្នុងប្រទេសចំនួនបួនក្នុងនោះមាន កម្ពុជា ហ្វីលីពីន នេប៉ាល់ និង ប្រទេសកេនយ៉ា។

គម្រោងសុវត្ថិភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ ដែលហៅកាត់ថា «ស្រ្កូល» ជាគម្រោងមានរយៈពេលបីឆ្នាំ ដែលបានបង្កើត និងអនុវត្តដោយ អង្គការដែនដី មនុស្ស-ហូឡង់ដ៏ប្រចាំនៅកម្ពុជា ដោយមានការសហការ ជាមួយអង្គការដៃគូចំនួនពីរនៅក្នុងប្រទេសកម្ពុជា គឺអង្គការសកម្មភាពដើម្បីកុមារ(APLE) និង អង្គការសេរីភាពកម្ពុជា- អូស្រ្តាលី (AusCam Freedom Project)៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner