រដ្ឋមន្ត្រីការបរទេសប្រេស៊ីលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃ

ភ្នំពេញ៖តបតាមការអញ្ជើញរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នឹងអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការនៅព្រះរាជាណាចកកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៣ ។​នេះ​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការ​បរទេស​និង​សហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៩ ខែតុលា។

ប្រភពដដែលបានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ច នេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល នឹងអញ្ជើញចូលជួបសម្តែង ការគួរសម​ជាមួយ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះនឹងមានជំនួបទ្វេភាគីរវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និង ឯកឧត្តម ម៉ៅរូ វីអេរ៉ា សំដៅដាក់ចេញនូវវិធាន​ការ​សកម្មភាពដើម្បី ជំរុញនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានកន្លងមករវាងប្រទេសទាំងពីរ រួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងកិច្ចសហការបច្ចេកទេស ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាពហុភាគីផងដែរ។

ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា ដំណើរទស្សនកិច្ចនេះនឹងជាជំហានថ្មីសំខាន់មួយទៀត ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត​របស់ប្រទេស​ទាំងពីរ ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ៕ ដោយ៖ពលជ័យ

ads banner