អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ និស្សិតនិងពលរដ្ឋខ្មែរនៅអ៊ីស្រាអែល មានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់ នៅក្នុង ប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានតាមដានជាប្រចាំ អំពី សុខទុក្ខរបស់បងប្អូនខ្មែរនៅទីនោះមិនថាពេលយប់ឬពេលថ្ងៃឡើយ។

អ្នកនាំពាក្យដដែលបញ្ជាក់ទៀតថា សម្តេចធិបតីបានយកចិត្តទុក ដាក់ គ្រប់បែបយ៉ាង ជាពិសេសលើសុវត្ថិភាពដោយសម្តេចបាន ណែនាំ ឱ្យសេនាធិការទាំងអស់ប្រើប្រាស់គ្រប់លទ្ធភាពដើម្បីសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរទាំងអស់បានចៀសចេញពីតំបន់គ្រោះថ្នាក់ហើយស្ថិតនៅក្នុងតំបន់សុវត្ថិភាពដោយចាត់ទុកថា នេះជាកិច្ចការអាទិភាពខ្ពស់បំផុត។

លើសពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏យកចិត្តទុកដាក់លើជីភាព ប្រចាំថ្ងៃរបស់ពួកគេផងដែរដើម្បីប្រាកដថា ទាំងអស់គ្នាមានចំណី អាហារនិងទឹក ព្រមទាំងសម្ភារៈចាំបាច់មួយចំនួនទៀតដែល បម្រើឱ្យ ជីវភាពប្រចាំថ្ងៃ។

សូមបញ្ជាក់ជូនថា មានពលរដ្ឋខ្មែរនិងនិស្សិតដែលកំពុងធ្វើការ និង សិក្សានៅប្រទេសអ៊ីស្រាអែលសរុបប្រមាណ ៤៥០ នាក់ ។ ក្នុងនោះ មាននិស្សិតម្នាក់ឈ្មោះ ចាន់ ឧត្តម បានរងគ្រោះដល់ជីវិតកាលពីថ្ងៃទី ៧ ខែតុលា ដោយទទួលរងគ្រោះពីការប្រយុទ្ធគ្នាដោយ អាវុធរវាង កងទ័ព អ៊ីស្រាអែល និងក្រុមហាម៉ាស់។ ពិធីរៀបចំបុណ្យសពគឺ ជា បន្ទុករបស់រាជរដ្ឋាភិបាល។ក្រៅពីនោះ អ្នកផ្សេងទៀតសុទ្ធតែមាន សុវត្ថិភាពទាំងអស់។

រាជរដ្ឋាភិបាលសូមអំពាវនាវដោយទទូចសូមឱ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរម្ចាស់ប្រទេសដើម្បីធានាសុវត្ថិភាព និងសូមឱ្យពួកគេមានលំនឹង ក្នុងចិត្តចំពោះការយកចិត្តទុកដាក់ជាប្រចាំពីរាជរដ្ឋាភិបាល ដោយសហការយ៉ាងល្អជាមួយរដ្ឋាភិបាល អ៊ីស្រាអែល៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner