ក្រសួងសុខាភិបាលបញ្ជាក់ពីករណីស្លាប់ដោយសារជំងឺផ្ដាសាយបក្សីលើកុមារីអាយុ២ឆ្នាំនៅខេត្តព្រៃវែង

ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានស្តីពីករណី ជំងឺ ផ្តាសាយ បក្សីមួយ ករណីទៀត ដែល កើតលើកុមារីអាយុពីរ ឆ្នាំ បណ្ដាល ឱ្យ ស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣ ។ ករណីនេះកើតឡើងនៅភូមិឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ តាមការសាកសួរបង្ហាញថា នៅផ្ទះ កុមារមានមាន់ងាប់ជាហូរហែរ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថានៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើង នូវ ជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយ តប បន្ទាន់ផ្នែក សុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និង បន្តស្វែង រកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ទន្ទឹមនេះដែរក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្ន លើ ជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែ បន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋជាពិសេស លើកុមារដែល ជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែល បានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៩ ស្លាប់៤០នាក់ ដែលកើត មានលើមនុស្ស ចាប់តាំងពីឆ្នាំ ២០០៥ ។នេះក៏ជាករណីទី៣ ដែល បានកើតឡើងនៅក្នុងឆ្នាំ២០២៣។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា របៀបចម្លង ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ។ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាម ការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សី លើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លងដូចនឹង» ជំងឺផ្តាសាយតាមរដូវកាល ផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាង ដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សី នៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វ បក្សី ដែលធ្វើសម្រាប់ បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ។

ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជនអំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេស ប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh ដែលគ ហទំព័រនេះមានសម្ភារៈអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខា ភិបាល លេខ១១៥ ដោយឥតគិតថ្ល ឬ ទំនាក់ទំនងក្រសួងសុខាភិបាល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner