កម្ពុជា-អាមេរិក ជួបពិភាក្សាជំរុញលំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភក្សាការងារអំពីការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញលំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នារសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ។

ឯកឧត្តម សុខ សូកេន និងឯកឧត្តម ផាទ្រីក មើហ្វី ឯកអគ្គរាជទូត បានចែករំលែកនូវចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយបានបង្ហាញអំពីគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើការកសាងភាពជាដៃគូល្អរវាងរដ្ឋាភិបាល និងផ្នែកឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០ ទាំងមុន និងក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយគាំទ្រដល់ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឲ្យមកទស្សនាប្រទេសកម្ពុជាឲ្យកាន់តែកើនច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលមានចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ និងកោតសរសើរខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាប្រកបដោយយុទ្ធសាស្រ្ត ចក្ខុវិស័យ និងការយកចិត្តដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សង្កេតឃើញថាកម្ពុជាមានភាពជោគជ័យក្នុងការស្តារវិបត្តិកូវីដ-១៩ និងមើលឃើញនូវសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសនេះក្នុងការអភិវឌ្ឍ និងបរិវត្តអេកូទេសចរណ៍ និងកសិទេសចរណ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថានឹងឃើញភ្ញៀវទេសចរកម្ពុជាកាន់តែច្រើនមកសហរដ្ឋអាមេរិក និងបន្តសម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែរឹងមាំ និងការបង្កើនទំនុកចិត្ត និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner