ទូតស្វីស កោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងបញ្ជាក់ពីការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតស្វីស បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងបានបញ្ជាក់ពីការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ។ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូចនេះនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

នៅក្នុងជំនួបនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និងបានបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្ថែមថាការជួយគាំទ្រនេះក៏ត្រូវបានផ្តល់ក្នុងក្របខ័ណ្ឌ កម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។

ភាគីទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner