ហ្វាំងឡង់ និយាយថា ការខូចខាតបំពង់បង្ហូរឧស្ម័ននៅសមុទ្របាល់ទិក ទំនងជាមានកត្តាខាងក្រៅពាក់ព័ន្ធជាមួយ

ហែលស៊ិនគី៖នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីប្រទេសហ្វាំងឡង់បានលើកឡើង ថាការខូចខាតបំពង់បង្ហូរឧស្ម័ន និងខ្សែកាបទំនាក់ទំនងនៅក្នុងសមុទ្របាល់ទិក ជាករណីដែលអាចបណ្តាលមកពីសកម្មភាពខាងក្រៅ ពោលគឺមិនមែនដោ​យសារប្រព័ន្ធបង្ហូរឧស្ម័នមានបញ្ហាដោយស្វ័យប្រវត្តិនោះទេ ។​

គួរដឹងដែរថា បំពង់បង្ហូរឧស្ម័នឈ្មោះថា​ Balticconnector ដែលមានប្រវែងយ៉ាងវែង តភ្ជាប់ពីប្រទេសហ្វាំងឡង់ រហូតដល់ប្រទេសអេស្តូនី ត្រូវបានផ្អាកដំណើរការនៅព្រឹកថ្ងៃអាទិត្យ ដោយសារតែគេរកឃើញថា វាមានសម្ពាធហូរខុសពីធម្មតា។​

ប្រធានាធិបតីហ្វាំងឡង់ លោក សាវលី ញីនីស្ថូ (Sauli Niinisto) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ៖ «វាទំនងជាមានការខូចខាតទាំងបំពង់ឧស្ម័ន និងខ្សែកាបទំនាក់ទំនង ហើយអាចបណ្ដាលមកពីការវាយប្រហារដោយក្រុមបរទេសណាមួយ» ។យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃការខូចខាតនៅឡើយទេ ។រីឯការស៊ើបអង្កេតនៅតែបន្តក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្វាំងឡង់ និងប្រទេសអេស្តូនី»។​

ប្រធានាធិបតីហ្វាំងឡង់រូបនេះបានបញ្ជាក់ថា ប្រទេសរបស់លោកដែលទើបនឹងចូលជាសមាជិកអង្គការណាតូ (NATO)បានធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយសម្ព័ន្ធមិត្តណាតូ និងដៃគូពាក់ព័ន្ធនានា។ លោកបានរំលេចថា លោកបានធ្វើការសន្ទនាជាមួយអគ្គលេខាធិការណាតូ លោក ចេន ស្ថូលថេនបឺក (Jens Stoltenberg) ហើយថាសម្ព័ន្ធមិត្តណាតូបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស៊ើបអង្កេតលើរឿងនេះ។​

អគ្គលេខាធិការអង្គការណាតូបានសង្កត់ធ្ងន់ថា លោកបានទាក់ទងជាមួយប្រធានាធិបតីហ្វាំងឡង់ ហើយអង្គការ​ណាតូ​កំពុង​ចែក​រំលែក​ទិន្នន័យផ្សេងៗដែលពាក់ព័ន្ធគ្នា និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​គាំទ្រ​សម្ព័ន្ធមិត្ត​ដែលកំពុងជួបការ​ព្រួយ​បារម្ភ។​

នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ផេទ្រី អប៉ូ (Petteri Orpo) នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារអំពីការធ្លាក់ចុះនៃសម្ពាធបំពង់បង្ហូរឧស្ម័ន។ ការធ្លាក់ចុះសម្ពាធនេះ ត្រូវបានប្រកាសកាលពីថ្ងៃអាទិត្យដោយក្រុមហ៊ុនប្រតិបត្តិករប្រព័ន្ធឧស្ម័នហ្វាំងឡង់ និងអេស្តូនី។ ផ្នែកដែលពាក់ព័ន្ធនឹងកន្លែងខូចខាតនៃបំពង់បង្ហូរឧស្ម័នត្រូវបានគេរកឃើញ ហើយបន្ទាប់មក ក្រុមជំនាញបានបិទសន្ទះបិទបើកដើម្បីការពារកុំឱ្យឧស្ម័នមានការលេចធ្លាយ។​

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ ចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុនប្រតិបត្តិករបំពង់បង្ហូរឧស្ម័ននេះបានឱ្យដឹងថា ពួ​ក​គេបានចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើបញ្ហាដែលបានកើតឡើង ដើម្បីត្រួតពិនិត្យមើលថាតើត្រូវចំណាយរយៈពេលប៉ុន្មានដើម្បីជួសជុលការខូចខាតនេះ។ ម៉្យាងវិញទៀត ក្រុមហ៊ុនបំពង់បង្ហូរឧស្ម័ន និងក្រុមមន្ត្រីហ្វាំងឡង់ក៏បានបញ្ជាក់ផងដែរថា ការផ្គត់ផ្គង់ឧស្ម័នរបស់ប្រទេសហ្វាំងឡង់នៅមានចំនួនគ្រប់គ្រាន់ និងសុវត្ថិភាពធម្មតា។​

គួររំឭកថា កាលពីឆ្នាំមុន បំពង់បង្ហូរឧស្ម័នឈ្មោះថា Nord Stream ដែលជាបំពង់បង្ហូរឧស្ម័នចេញពីរុស្ស៊ីទៅកាន់ទ្វីបអឺរ៉ុប បានផ្ទុះធ្លុះធ្លាយជាបន្តបន្ទាប់នៅក្រោមបាតសមុទ្រ។ ហេតុការណ៍​នេះ​កំពុង​ត្រូវ​បានគេ​ស៊ើបអង្កេត​នៅឡើយ ហើ​យ​គេនៅ​មិនទាន់​ដឹង​ច្បាស់​ថា​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​នៅឡើយ​ទេ​ ។​

ក្នុងរឿងនេះក្រុមមន្ត្រី​អាមេរិក និង​អឺរ៉ុប ​បាន​ចង្អុល​មុខទៅកាន់​រុស្ស៊ីថាជាអ្នកដែលបានប្រព្រឹត្តអំពើបែបនេះ ។ប៉ុន្តែបន្ទាប់ពីការស៊ើបអង្កេតពីមូលហេតុផ្សេងៗ បណ្ដាក្រុមប្រទេសលោកខាងលិច ហាក់មានការស្ទាក់ស្ទើរក្នុងការបន្តចោទប្រកាន់រុស្ស៊ី ៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖​ Finland: Baltic Sea gas pipeline damage probably from ‘external activity’

ads banner