ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាចិត្តរួមចំណែកក្នុងការវិនិយោគគម្រោងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងបន្តជួយអភិវឌ្ឍន៍វិស័យឯកជន

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកវិនិយោគក្នុងគម្រោងពាក់ព័ន្ធនឹងបម្រែបម្រួលអា​កា​សធាតុ និងការអភិវឌ្ឍវិស័យឯកជនក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ។ជាពិសេសការពង្រឹងវិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រស​ហគ្រាស​ធុនមីក្រូតូច និងមធ្យម សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខនេះ។

នេះជាការលើកឡើងរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមជាមួយនឹងលោក វីនហ្វត ទឹកក្លិន (Winfried Wicklein) អគ្គនា​យ​កនៃអគ្គនាយកដា្ឋនអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​ក្នុងអំឡុងពេលលោក ទឹកក្លិន បានមកបំពេញទស្ស​នកិច្ចនៅ​កម្ពុជា ក្នុងរយៈពេល​ពីរថ្ងៃ កាលពី​​ថ្ងៃទី៩-១០ ខែតុលា​កន្លងទៅនេះ​ ។

តាមរយៈសេចក្តីប្រកាសព័ត៌មានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក Winfried Wicklein និងបា​ន​វាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការគាំទ្រការអ​ភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន ។

ចំណែកលោក Winfried Wicklein ក៏បា​នថ្លែងអំណរគុណចំ​ពោះ​រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធជាមួយ ADB ក្នុងរយះពេលជាង ៣០ឆ្នាំកន្លងមក ហើ​យលោកបានត្រៀមខ្លួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អនេះបន្ថែមទៀត សំដៅបន្តរួមចំណែកក្នុងកិច្ចដំ​ណើរការអភិវឌ្ឍរបស់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តថា កម្ពុជាពិតជាអរគុណADB ចំពោះការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រកប​ដោ​យចីរភាព ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ និងបានជូនពរលោក Winfried Wicklein ព្រ​មទាំងសហការី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង​ថា ៖ «យើងសាទរចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែករបស់ ADB ជាពិសេសការវិនិ​យោ​គគម្រោងពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍវិស័យឯកជន ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាពិសេស កា​រពង្រឹង វិស័យហិរញ្ញវត្ថុសម្រាប់គាំទ្រសហត្រាសធុនមីក្រូ តូចនិងមធ្យម តាមរយៈប្រតិបត្តិការ Non-Sovereign Operations ដូចមានចែងក្នុង យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤-២០២៨ »។

ឯកឧត្តមបានបន្ថែមថា ADB ក៏បានការពង្រីកនូវទំហំឥណទានធំជាងមុនតាមរយៈការកែទម្រង់ការគ្រប់គ្រងមូលធន ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នានា ដែលក្នុងនោះ កម្ពុជាក៏នឹងត្រូវចាត់ចូលជាប្រទេសដែលទទួលបាននូវប្រភពធនធានទំហំធំ ពិសេស សម្រាប់គម្រោងពង្រឹងការបន្សាំទៅនឹងអាកាសធាតុ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបន្ថែមថា ADB បានរួមចំណែកក្នុងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធប្រតិបត្តិការថ្មី របស់ ADB ក្នុងគោ​លដៅពន្លឿនការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការធ្វើប្រតិភូកម្មសិទ្ធិសម្រេច និងការទទួលខុសត្រូវកា​ន់តែច្រើនជាងមុនជូនស្ថានតំណាងរបស់ ADB ប្រចាំកម្ពុជាផងដែរ។

ឯកឧត្តមបាន​បញ្ជាក់ថា ៖ «យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា ឆ្នាំ ២០២៤- ២០២៨ ដែលទើបត្រូវបានអនុម័តនាពេលថ្មីៗនេះ ដើរស្របគ្នានឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ដែលមានគោលបំណងរួមចំណែកគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ដើម្បីប្រែក្លាយជាប្រទេសមានចំណូលម​ធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០​»។

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កិច្ចដំណើរការអភិវឌ្ឍន៍​ប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវដៃគូអភិវឌ្ឍនានា ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ខណៈធនាគារនេះ បានជួយកម្ពុជា ស្ទើ​រគ្រប់វិស័យ។

លោកបានបញ្ជាក់ថា ៖ «ADB បានផ្តល់ទាំងប្រាក់កម្ចី ទាំងជំនួយ និងបច្ចេកទេសមកកម្ពុជា ក្នុងនោះគម្រោងភាគច្រើនដែ​ល​ADB ផ្តោតសំខាន់ជាងគេ គឺវិស័យអប់រំ វិស័យសុខាភិបាល ថាមពល ការអភិវឌ្ឍន៍ជនបទ កសិកម្ម ហិរញ្ញវត្ថុ ការដឹកជញ្ចូន និងការធ្វើពាណិជ្ជកម្មជាដើម»។​

សូមជម្រាបថា ADB ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៦ និងត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស។ធនាគារនេះ បានប្តេជ្ញាក្នុងបេសកកម្មរបស់ខ្លួនថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់​ និងនិរន្តរភាព ក្នុងតំ​បន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

ដោយ៖វណ្ណ សុជាតា

ads banner